លោក ត្រាំ ប្រកាសថានឹងដំឡើងពន្ធឡើងវិញ លើផលិតផលដែកថែប-អាលុយមីញ៉ូម ដែលនាំចូលពីប្រេស៊ីល និងអាហ្សង់ទីន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃចន្ទនេះបានឲ្យដឹងថា លោកនឹងដំឡើងពន្ធសាជាថ្មីលើផលិតផល ដែកថែបព្រមទាំងអាលុយមីញ៉ូម ដែលនាំចូលពីប្រទេសប្រេស៊ីលនិងអាហ្សង់ទីនមកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន Financial Times នៅយប់ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ បានលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ថា ប្រេស៊ីលនិងអាហ្សង់ទីន ប៉ុន្មានឆ្នាំចុងក្រោយនេះ បានកេងចំណេញលើសហរដ្ឋអាមេរិក តាមរយៈការធ្លាក់នៃចុះតម្លៃរូបិយប័ណ្ណរបស់ពួកគេ ដែលវាប៉ះពាល់ជាខ្លាំងដល់កសិករ អាមេរិក។ ហេតុដូច្នេះ លោកបានសម្រេចចិត្តថា នឹងបញ្ជាឲ្យដំឡើងពន្ធឡើងវិញលើគ្រប់ផលិតផលដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលមកពីប្រទេសទាំងពីរ។

រយៈពេល២ឆ្នាំកន្លងមកនេះ រូបិយប័ណ្ណរបស់ប្រទេសអាមេរិកឡាទីនទាំងពីរបានជួបការធ្លាក់តម្លៃជាខ្លាំង។ កាលពីសប្តាហ៍មុន លុយ Real ឬ Reais របស់ប្រេស៊ីល បានធ្លាក់ចុះដល់តម្លៃទាបបំផុតធៀបជាមួយលុយដុល្លាររបស់អាមេរិក ហើយបើគិតក្នុងឆ្នាំនេះ វិញបានធ្លាក់តម្លៃជិត១០ភាគរយ។ រីឯលុយ Peso របស់អាហ្សង់ទីន បានបាត់បង់តម្លៃជិត៦០ភាគរយធៀបជាមួយលុយដុល្លារក្នុង ឆ្នាំ២០១៩នេះ។

គួរជម្រាបថា ពាក់ព័ន្ធសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បាននិយាយថា លោកនឹងពិភាក្សាជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់លោក មុនជជែកអំពីបញ្ហានេះជាមួយ លោក ត្រាំ ផ្ទាល់។ រី ឯអ្នកនាំពាក្យក្រសួង ការបរទេសអាហ្សង់ទីន បានឆ្លើយតបថា រដ្ឋាភិបាលរបស់ខ្លួនក៏នឹងចាប់ផ្តើមការជជែកចរចាជាមួយរដ្ឋាភិបាលអាមេរិក ជុំវិញបញ្ហា នេះផងដែរ។ ប្រេស៊ីលនិងអាហ្សង់ទីន ទទួលបានការលើកលែងពីការដំឡើងពន្ធ២៥ភាគរយលើដែកថែបនិង១០ភាគរយលើអាលុយមីញ៉ូម របស់លោក ត្រាំ កាលពីខែឧសភា ឆ្នាំ២០១៨ ក្រោយពីចំណាត់ការដំឡើងពន្ធនេះត្រូវបាន លោក ដូណាល់ ត្រាំ ប្រកាសហើយបញ្ជាឲ្យអនុវត្តកាលពីខែមីនា ឆ្នាំដដែល៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ