• លោក Thanathorn ដែលទើបអស់តំណែងជាសមាជិកសភា ចោទរដ្ឋាភិបាលថៃថាកំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ

    (បាងកក)៖ មេដឹកនាំគណបក្សប្រឆាំងមួយរូបនៅប្រទេសថៃគឺ លោក ថាណាថន ចងរូងរួងឃីត (Thanathorn Juangroongruangkit) នាថ្ងៃចន្ទនេះ បានរិះគន់ធ្ងន់ៗលើរដ្ឋាភិបាលថៃថា កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងកំពុងព្យាយាម​រំលាយគណបក្សរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

    អ្នកនយោបាយវ័យ៤០ឆ្នាំរូបនេះ បានក្លាយខ្លួនជាគូបដិបក្ខចម្បងម្នាក់ចំពោះរដ្ឋាភិបាលស៊ីវិលថៃ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីគណបក្សអនាគតឆ្ពោះទៅមុខរបស់លោក Thanathorn បានក្លាយជាបក្សនយោបាយ ដែល​ទទួលបានសំឡេង​គាំទ្រច្រើនជាងគេទីបី ក្នុងការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩នេះ។

    លោក Thanathorn បានលើកឡើងដូច្នេះថា «ពួកគេ (រដ្ឋាភិបាលថៃ) បានបន្តប្រើប្រាស់ការចុះផ្សាយមិនពិត និងការបំភ្លៃព័ត៌មាន ដើម្បីព្យាយាមបង្ខូចមុខមាត់ក្រុមបក្សប្រឆាំង។ ពួកគេកំពុងលាបពណ៌ពួកយើងថា ជាជនក្បត់ជាតិនិងជាក្រុមប្រឆាំងរាជានិយម ហើយបំផុសឲ្យមានការស្អប់ខ្ពើមគ្នា ដើម្បីបំបែកបំបាក់ជនរួមជាតិនៅក្នុងប្រទេសនេះ។ ពួកយើងអាចមើលឃើញយ៉ាងច្បាស់នូវ ការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកម្ចាត់គណបក្សពួកយើង»។

    គួរជម្រាបថា កាលពីខែវិច្ឆិកាកន្លងទៅ លោក Thanathorn បានអស់តំណែងជាសមាជិកសភាថៃជាផ្លូវការ បន្ទាប់ពីតុលាការបាន​សម្រេចថា លោកពិតជាបានល្មើសនឹងច្បាប់បោះឆ្នោត ដោយសារការមានកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនព័ត៌មានមួយ នៅពេល​ដាក់ពាក្យឈរឈ្មោះជាតំណាងរាស្រ្ត។ ពាក់ព័ន្ធរឿងនេះ លោក Thanathorn បានអះអាងថា វាគឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល​លោក ប្រាយុទ្ធ ដើម្បីកម្ចាត់ក្រុមប្រឆាំង និងក្រុមអ្នករិះគន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ