សៀមរាប៖ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី1 ធ្នូ 2019។ កម្លាំងការិយាល័យព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការដ្ឋានស្រុកសូទ្រនិគមឃាត់ខ្លួនបុរសម្នាក់ ជាម្ចាស់បំណុល ពីបទ គំរាមកំហែង ដោយប្រើនឹងអាវុធកាំបិតលើ កូនបំណុល ដែលជនរងគ្រោះជាមេតុងទីន ហើយបានជំពាក់លុយកូនតុងទីន ជាប្រពន្ធ របស់ជនសង្ស័យ នូវទឹកប្រាក់ចំនួន២២លាន៥០ម៉ឺនរៀល។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង៣០នាទី មានករណីគំរាមកំហែង(គំរាមនិងអាវុធកាំបិត) បណ្ដាលឲ្យជនរងគ្រោះលោតចេញ ក្រៅរបងបាក់ជើង នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ យុន ប៉ូណាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប មុខរបរ មេតុងទីន។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះជាមេតុងទីន ហើយបានជំពាក់លុយកូនតុងទីនឈ្មោះ មេសា ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ម៉ិក ផា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ បោចមាន់លក់ នូវទឹកប្រាក់ចំនួន២២លាន៥០ម៉ឺនរៀល។
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យបានទៅទារលុយតុងតីន តែមិនបាន។ លុះដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥នឹង៣០នាទីរសៀល ជនសង្ស័យមកពីផ្សារឃើញផ្ទះជនរងគ្រោះបើកទ្វារបងផ្ទះ ពេលនោះជនសង្ស័យបានជិះម៉ូតូទៅផ្ទះរបស់ខ្លួន ហើយយកកាំបិតជិះម៉ូតូមកសម្លុតទារលុយ ដែលជនរងគ្រោះជំពាក់នោះ។ ពេលនោះជនរងគ្រោះភ័យក៏លោតផ្លោះរបងចេញពីក្នុងផ្ទះខ្លួនទៅក្រៅផ្ទះ ចូលក្នុងដីរបងផ្ទះឈ្មោះ គីន នៅខាងកើតផ្ទះរបស់ខ្លួន បណ្ដាលឲ្យបាក់ជើងខាងឆ្វេងខ្លួនឯង។ ជនសង្ស័យក៏បានលោតតាមហើយបិទទ្វាររបង ចាក់សោរួចនិយាយទៅកាន់ជនរងគ្រោះថា បើមិនយកលុយឱ្យទេគេនឹងកាប់។
ពេលនោះសមត្ថកិច្ចក៏បានទៅដល់ឲ្យជនសង្ស័យទម្លាក់កាំបិតចុះ តែជនសង្ស័យមិនព្រម លុះត្រាតែបានលុយសិន។ បន្ទាប់មកបងប្អូនជនរងគ្រោះ បានរកលុយឱ្យទៅប្រពន្ធជនសង្ស័យ បានចំនួន២២លានរៀល ទើបជនសង្ស័យព្រមដាក់កាំបិតចុះ ហើយឲ្យសមត្ថកិច្ចឃាត់ខ្លួន។
តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកាន់កាំបិតទៅសម្លុតទារលុយជំពាក់ពីជនរងគ្រោះពិតប្រាកដមែន ដោយជនរងគ្រោះមិនព្រមសងលុយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕