ការសិក្សាមួយបានរកឃើញថា ការទស្សនារឿងអាសអាភាសច្រើនលើសកម្រិតអាចបង្កឲ្យមានការប៉ះពាល់ដល់ខួរក្បាល និងជីវិតផ្លូវភេទជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយលោក Rachel Anne Barr បណ្ឌិតផ្នែកប្រសាទវិទ្យា និងជាអ្នកស្រាវជ្រាវដ៏ល្បីឈ្មោះម្នាក់ នៅក្នុងសាកលវិទ្យាល័យកាណាដា។ លទ្ធផលនៃការសិក្សាមួយដែលលោកបណ្ឌិត Rachel Anne Barr បានចំណាយពេលស្រាវជ្រាវយ៉ាងល្អិតល្អន់បានបង្ហាញថា ការទស្សនារឿងអាសអាភាសច្រើនលើសកម្រិតអាចធ្វើឲ្យខូចខាតខួរក្បាលផ្នែកខាងមុខ ដែលភាសាបច្ចេកទេសហៅថា Prefrontal Cortex ។
ខួរក្បាលផ្នែកខាងមុខ ឬ Prefrontal Cortex នេះ ជាសរីរាង្គដែលលូតលាស់ពេញលេញក្រោយគេបង្អស់ ហើយវាមានតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញខួរក្បាលឲ្យហ៊ានធ្វើការសម្រេចចិត្ត និងគ្រប់គ្រងទៅលើក្រមសីលធម៌ល្អៗ។ ដូចនេះវាមានន័យថា ការបាត់បង់ខួរក្បាល Prefrontal Cortex អាចធ្វើឲ្យប៉ះពាល់សមត្ថភាពនៃការសម្រេចចិត្ត និងសមត្ថភាពគ្រប់គ្រងក្រមសីលធម៌របស់បុគ្គលម្នាក់ៗផងដែរ។ ជាងនេះទៅទៀតការសិក្សាខាងលើក៏បានរកឃើញដែរថា ការទស្សនារឿងអាសអាភាសច្រើនលើសកម្រិតនោះអាចធ្វើប៉ះពាល់ជីវិតផ្លូវភេទជាក់ស្តែង។ ពោលគឺនៅពេលដែលពួកគាត់បានមើលរឿងទាំងនោះហើយ ពួកគាត់កាន់តែមើលវាច្រើនឡើងៗ ទោះបីជាវាមិនចាំបាច់ក៏ដោយ។
ចំណុចទាំងនេះវាបានធ្វើឱ្យពួកគាត់ឃ្លាតឆ្ងាយពីសង្គមខាងក្រៅ ហើយបង្កើតឱ្យមានការថប់បារម្ភ ការបាក់ទឹកចិត្តកាន់តែខ្ពស់ និងសូម្បីតែងាប់លិង្គ។ ចំពេលដែលសព្វថ្ងៃនេះការចែកចាយរឿងអាសអាភាសកាន់តែទូលំទូលាយ ហើយការប្រើប្រាស់បណ្ដាញអ៊ីនធឺណេតបានក្លាយជាការប្រើប្រាស់ប្រចាំថ្ងៃពីមនុស្សគ្រប់វ័យ លោក Rachel Anne Barr បារម្ភថា កត្តានេះបានធ្វើឱ្យការគិតរបស់មនុស្សបែរមកជាឈាមរាវ គ្មានភាពចាស់ទុំ គ្មានការសម្រេចចិត្តច្បាស់លាស់ និងគ្មានក្រមសីលធម៌ជាដើម៕