SEA Games ថ្ងៃដំបូង កម្ពុជាឈ្នះមេដាយសរុបចំនួន ៩គ្រឿង

(ម៉ានីល)៖ បើកការប្រកួតផ្លូវការថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយប្រាក់៣ និងសំរិទ្ធ៦ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ពិសេសកីឡាគុនល្បុក្កតោ ដែលចូលរួមប្រកួតកីឡាប្រពៃណីហ្វីលីពីន Arnis ហើយទើបបញ្ចប់ការប្រកួតនៅវេលាម៉ោងជិត១២យប់ ថ្ងៃទី០១​ ខែធ្នូ ឆ្នាំ២០១៩។

បើតាមការបញ្ជាក់របស់ប្រតិភូកីឡាកម្ពុជា បានឲ្យដឹងពីទីក្រុងម៉ានីលប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការប្រកួតកីឡា Arnis ទើបបញ្ចប់នៅយប់ជ្រៅនេះទេ ហើយលទ្ធផលកម្ពុជាដណ្ដើមបានមេដាយបន្ថែមហូរហែរលើប្រភេទកីឡាប្រពៃណីហ្វីលីពីននេះ ពិសេសមេដាយប្រាក់ទី៣ របស់កម្ពុជា ដែលដណ្ដើមបានដោយកីឡាការិនី ស៊ីវន្ដ សូនីតា ប្រកួតទម្ងន់ចន្លោះ ៥៥ ទៅ ៦០គីឡូក្រាម តែមុនទទួលបានមេដាយនេះក៏មានការតវ៉ាគ្នាជាមួយក្រុមម្ចាស់ផ្ទះផងដែរ។

ប្រតិភូកីឡាកម្ពុជាបានបញ្ជាក់ថា ដំបូងឡើយ សូនីតា បានប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយចប់ការប្រកួតភ្លាមៗ គណៈកម្មការបានផ្ដល់ពិន្ទុឲ្យម្ចាស់ផ្ទះឈ្នះ តែដោយកម្ពុជាមិនសុខចិត្ត ក៏បានដាក់ពាក្យតវ៉ា ព្រោះមើលឃើញ សូនីតា មានប្រៀបជាង។ បន្ទាប់មកគណៈកម្មការបានសម្រេចឲ្យកីឡាការិនីកម្ពុជាឈ្នះវិញ ទើបនាងមានឱកាសឡើងប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយប៉ះកីឡាការិនីវៀតណាម តែគួរឲ្យស្ដាយ សូនីតា បានចាញ់ ធ្វើឲ្យនាងទទួលបានត្រឹមមេដាយប្រាក់។

សរុបមកគិតត្រឹមយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាមានអត្តពលិក ២ប្រភេទកីឡា ដែលដណ្ដើមបានមេដាយទាំង ៩គ្រឿងខាងលើ គឺក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោ ដែលចូលរួមប្រកួតកីឡា Arnis ដណ្ដើមបានមេដាយប្រាក់២ និងសំរឹទ្ធ ៦ និងក្រុមកីឡាសីប៉ាក់តាក្រ ដណ្ដើមបានមេដាយប្រាក់១ គ្រឿង លើវិញ្ញាសាសីកន្ដ្រក់ ឬ Hoop ។ ប៉ុន្ដែក្រុមអត្តពលិកកម្ពុជា នៅសល់ប្រភេទកីឡាជាច្រើនទៀត ដើម្បីបន្ដប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ដ្បិតព្រឹត្តិការណ៍ប្រចាំតំបន់នេះ នឹងប្រកួតរហូតដល់ថ្ងៃទី១១ ខែធ្នូខាងមុខ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ