ក្រសួងទេសចរណ៍ ជំរុញឲ្យតំបន់ «Pub Street» ទៅជាតំបន់ទេសចរណ៍គ្មានផ្សែងបារី និងមានបរិស្ថានស្អាត

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំពង្រីកវិសាលភាពតំបន់ទេសចរណ៍គ្មានផ្សែងបារីឲ្យកាន់តែធំទូលាយ ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានមានភាពស្រស់បំព្រង សម្រាប់ភ្ញៀវទេសចរគ្រប់គ្នា​។ ដោយរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមទាំងការពារបរិស្ថាន និងអភិរក្សវប្បធម៌ ប្រពៃណី ប្រាង្គប្រាសាទនានា ដែលជាសម្បត្តិបេតិកភណ្ឌមិនអាចកាត់ថ្លៃបាន។

នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៧ ស្តីពីទីក្រុងគ្មានផ្សែងបារីធ្វើឲ្យទេសចរណ៍កាន់តែល្អប្រសើរ និងអភិរក្សបេតិកភណ្ឌយើង រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានជម្រុញឲ្យក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងឡាយ ពិសេសរដ្ឋបាលខេត្តសៀមរាប ត្រូវខិតខំប្រែក្លាយមណ្ឌលតំបន់កម្សាន្ត «Pub Street» នៅក្រុងសៀមរាប ទៅជាតំបន់ទេសចរណ៍គ្មានផ្សែងបារី និងមានបរិស្ថានស្អាត។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីជំរុញគាំទ្រឲ្យទីក្រុងគ្មានផ្សែងបារី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅឆ្នាំ២០១៥ ព្រមទាំងអនុក្រឹត្យ ប្រកាស សារាចរ និងសេចក្តីណែនាំនានា ក្នុងការជំរុញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលគ្មានផ្សែងបារី ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ខណៈដែលការបង្កើតទីក្រុងទេសចរណ៍គ្មានផ្សែងបារី ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍បៃតង នៅតាមសហគមន៍ទេសចរណ៍ តាមតំបន់ប្រាង្គប្រាសាទ និងតំបន់អេកូទេសចរណ៍ធម្មជាតិនានា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ