អ៊ីស្លង់គឺជាប្រទេសដែលមាន “សន្តិភាពបំផុតនៅលើពិភពលោក” នេះបើយោងតាមសន្ទស្សន៍សន្តិភាពពិភពលោក ឆ្នាំ២០១៩ (2019 Global Peace Index) ។ ជាការពិតប្រទេសនេះបានទទួលឋានៈខ្ពស់ជាងគេ ដោយបានឈរលេខ១ រយៈពេល ១៣ឆ្នាំជាប់ៗគ្នា តាំងតែពីសន្ទស្សន៍សន្តិភាពពិភពលោកលើកដំបូងបានចាប់ផ្តើមកាលពី ឆ្នាំ២០០៨ មកម៉្លេះ។ អ៊ីស្លង់ក៏ជាប្រទេសក្នុងតំបន់ណ័រឌីកតែមួយគត់ ដែលកាន់តែមានសន្តិភាពនាពេលបច្ចុប្បន្ន ហើយប្រទេសនេះគ្មានកងទ័ពឈរជើងនោះទេ។
ទស្សនាវដ្តីនៃមនុស្សជាតិ (Visions of Humanity) រាយការណ៍ថា៖ «អ៊ីស្លង់គ្មានការខូតខាតគុណភាពនៃភាពសុខសាន្តរបស់ខ្លួននោះទេ ធៀបពីឆ្នាំមុនៗ»។ សូចនាករ ៧៨% របស់អ៊ីស្លង់គ្មានការផ្លាស់ប្តូរទេ ហើយមានតែភាពប្រសើរឡើង ២២% បន្ថែមទៀត។ ជាក់ស្ដែងអត្រាមនុស្សឃាតបានថ្លាក់ចុះ, ការផ្តល់មូលនិធិឱ្យកងរក្សាសន្តិភាពរបស់ UN បានច្រើនជាងមុន ហើយជាពិសេសគឺការថយចុះនៃជម្លោះខាងក្រៅ ដែលជាការកែលម្អគួរឱ្យកត់សម្គាល់បំផុត។
មិនមែនបានន័យថា ប្រទេសអ៊ីស្លង់មិនចេះមានជម្លោះ និងអស្ថិរភាពនោះទេ! ប៉ុន្តែភាពរឹងមាំក្នុងស្ថាប័ន ឥរិយាបទ និងរចនាសម្ព័ន្ធសន្តិភាពរបស់ពួកគេ បានពង្រឹងឱ្យប្រទេសនេះមានភាពស៊ាំនឹងវិបត្ដិផ្ទៃក្នុងតូចតាច។ ហើយនេះគឺជារឿងដ៏ល្អបំផុតមួយ ដើម្បីឱ្យយើងគួរយកគំរូតាម៕