• UN៖ «ការតាំងទីលំនៅដោយអ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន គឺជាទង្វើរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»

    (វ៉ាស៊ីនតោន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បាននិយាយថា សកម្មភាពអាណានិគម ឬការតាំងទីលំនៅលើដែនដីប៉ាឡេស្ទីន មិនមានសុពលភាពស្របច្បាប់ និងជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

    ថ្លែងនៅក្នុងសារមួយ នាឱកាសទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងញូយ៉ក) លោក Guterres បានលើកឡើងដូច្នេះថា «សកម្មភាពអាណានិគម ឬការតាំងទីលំនៅលើដែនដីប៉ាឡេស្ទីន មិនមានសុពលភាពស្របច្បាប់ និងជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ… ហើយការដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅតែជាបញ្ហាប្រឈមមួយសម្រាប់សហគមន៍អន្តរជាតិ។ តែគួរឱ្យសោកស្ដាយ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ មិនមានការវិវត្តជាវិជ្ជមានណាមួយនោះទេ ហើយស្ថានភាពបែរជាកាន់តែអាក្រក់ឡើងថែមទៅវិញ»។

    គួរជម្រាបថា បើតាមលោកប្រមុខអង្គការសហប្រជាជាតិ ការតាំងទីលំនៅខុសច្បាប់ ការបំផ្លាញផ្ទះសម្បែង និងការធ្វើទុក្ខបុកម្នេញលើប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា ត្រូវតែបញ្ឈប់ជាបន្ទាន់។ អង្គការសហប្រជាជាតិធ្លាប់បានអនុម័ត លើដំណោះស្រាយជាច្រើន ដូចជាការថ្កោលទោស និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នៅសកម្មភាពខុសច្បាប់របស់ខ្លួន នៅក្នុងដែនដីប៉ាឡេស្ទីន។ ប៉ុន្តែអ៊ីស្រាអែលមិនដែលស្ដាប់ ឬអនុវត្តតាមឡើយ ហើយក៏មិនដែលមានចំណាត់ការ ឬទណ្ឌកម្មជាដុំកំភួនប្រឆាំងរដ្ឋជ្វីបមួយនេះដែរ ខណៈសហរដ្ឋអាមេរិកតែងតែប្រើសិទ្ធិវ៉េតូ (ជំទាស់) ដើម្បីការពារអ៊ីស្រាអែលជានិច្ចតែម្តង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ