កំពង់ស្ពឺ ៖ លោកវ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងសិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកវ៉ី សំណាង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិន និងបន្តជម្រាបជូនអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺកំពុងត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្ត ហើយផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើរឡើង ស្របពេលដែលខេត្តកំពង់ស្ពឺកំពុងក្លាយជាជង្រុករបស់អ្នកវិនិយោគផងដែរ ។
លោកអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចម្រើនឡើង។
គណៈប្រតិភូបានរីករាយនិងទទួលសំណូមពររបស់លោកអភិបាលខេត្ត យកទៅសិក្សាបន្ថែម និងណែនាំកៀរគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តកំពង់ស្ពឺឲ្យមានការរីកចម្រើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត។
លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តកំពង់ស្ពឺកន្លងមកនិងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍កាន់តែរីចម្រើនតទៅ៕