កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ខែវិច្ឆិកានេះ បានចេញសេចក្ដីជូនដំណឹងដោយជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា កំណាត់ផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៧-៤៨ ត្រង់ចំណុចផ្សារកំពង់ស្ពឺ បច្ចុប្បន្នសាលាខេត្តកំពង់ស្ពឺ បានកំពុងដំណើរការសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ ៤ គិតមកដល់ពេលនេះ(២៧វិច្ឆិកា) បានប្រមាណ ៥០ភាគរយហើយ។
ខណៈវេលាថៃ្ងព្រហស្បតិ៍ ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ចាប់ពី វេលាម៉ោង ១០:៣០នាទីព្រឹក រហូតដល់វេលាម៉ោង ១៥និង០០ នាទីរសៀល ក្រុមហ៊ុនសំណង់និងធ្វើការតភ្ជាប់រវាងបង្គោលនៃស្ពានទាំងសងខាងដើម្បីដាក់តំណនៃមុខស្ពាន អាស្រ័យហេតុស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សូមគោរពជម្រាបជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ស្ពឺ សូមមេត្ដាយោគយល់និងជ្រាប ជាពិសេសគឺនគរបាលចរាចរណ៍បានកំណត់ផ្លូវវាង នៅចំណុចភ្លើងស្តុបចំនួនពីរកន្លែងនៅលើកំណាត់ផ្លូវជាតិលេខ ៤ ៖ ពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច ចំណុច ភ្លើងស្តុប មុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ មានផ្លូវវាងបត់ឆ្វេងដៃឡើងទៅកាត់មុខពន្ធនាគារខេត្ដ ហួសទៅវិមានឯករាជ្យ ឆ្ពោះទៅស្ពានថ្មី ចំណុចភ្លើងស្ដុបផ្លូវបំបែកច្បារមន ចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ឡើងផ្លូវជាតិលេខ៤ តែម្ដង។ ពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត បត់ស្ដាំដៃ ត្រង់ចំណុចភ្លើងស្តុបច្បារមន គីឡូម៉ែត្រលេខ ៤៨-៤៩ តាមស្ពានថ្មីសំដៅមកវិមានឯករាជ្យ បត់ស្ដាំតាមផ្លូវបេតុងមុខពន្ធនាគារខេត្តរួចបត់ឆ្វេងដៃឡើងមកតាមស្ពានថ្មី ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ តែម្ដង។
ទន្ទឹមនឹងនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ដែលស្ថិតនៅបញ្ជាចរាចរណ៍ជូន បងប្អូនសម្រួលការធ្វើដំណើរឆ្លងកាត់ ដោយមានសុវត្ថិភាពខ្ពស់៕