ព្រះពិធីយាងព្រះបរមអង្គារ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី តាមព្រះទីនាំងវរជ័យ បណ្តែតនៅកណ្តាលទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង ត្រូវបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពោរពេញដោយមានសោកសង្រែង និងអាលោះអាល័យជាទីបំផុត។ ការសោយទិវង្គតរបស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់យ៉ាងធំធេងទ្រង់ជាមាតានៃរបាំព្រះរាជទ្រព្យព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់ ហើយទោះបីជាទ្រង់ឈប់សម្តែង ទ្រង់បន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ។
សូមរំលឹកថាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាបុត្រច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ៕