បុរសម្នាក់បានស្លាប់បន្ទាប់ពីបានឆ្លងជំងឺដ៏កម្រមួយពីទឹកមាត់ឆ្កែរបស់គាត់ ដែលធ្វើឱ្យសាច់របស់គាត់ពុកផុយ និងមានពងបែកយ៉ាងសាហាវ។ វេជ្ជបណ្ឌិតបាននិយាយថា បុរសនោះមានអាយុ ៦៣ឆ្នាំ មានសុខភាពល្អទាំងស្រុងមុនពេលត្រូវទទួលរងនូវជំងឺដ៏សាហាវនេះ ប៉ុន្តែអ្វីៗត្រូវផ្លាស់ប្តូរនៅពេលដែលឆ្កែរបស់គាត់បានលិឍគាត់។ គាត់បានចំណាយពេលជាង ២សប្តាហ៍ នៅក្នុងមន្ទីរពេទ្យដោយមានស្ថានភាពសុខភាពធ្ងន់ធ្ងររួមមាន៖ ជំងឺរលាកសួត រលាកបំពង់ក និងគ្រុនក្តៅ កម្តៅរហូតដល់ ៤១អង្សាសេ។ បុរសរងគ្រោះបានឆ្លងវីរុស Capnocytophaga canimorsus ដែលជាធម្មតាត្រូវបានចម្លងដោយសត្វខាំ ហើយវាអាចឆ្លងតាមរយៈការគ្រាន់តែលិឍប៉ុណ្ណោះ។
នៅពេលដែលបុរសនោះទៅមន្ទីរពេទ្យដំបូង គាត់មានរោគសញ្ញាដូចជាគ្រុនផ្តាសាយរយៈពេល ៣ថ្ងៃ គ្រុនក្តៅ និងពិបាកដកដង្ហើម។ រឿងរ៉ាវដ៏សាហាវរបស់គាត់ត្រូវបានរាយការណ៍នៅក្នុងទិនានុប្បវត្តិវេជ្ជសាស្រ្ត ដោយវេជ្ជបណ្ឌិតមកពី Rote Kreuz Krankenhaus ក្នុង Bremen ប្រទេសអាល្លឺម៉ង់។ នៅពេលដែលការព្យាបាលវេជ្ជសាស្ត្រកំពុងដំណើរការ បុរសនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺសរសៃប្រសាទ ហើយបុរសនោះត្រូវការការយកចិត្តទុកដាក់ខ្ពស់ ដើម្បីព្យាបាល និងជួយសង្គ្រោះជីវិតរបស់គាត់។ ក្នុងរយៈពេលបួនថ្ងៃដំបូងនៅមន្ទីរពេទ្យស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ ដោយចាប់ផ្តើមពីការឡើងកន្ទួលលើមុខ និងឈឺចាប់ខាងសរសៃប្រសាទ និងមានស្នាមជាំនៅលើជើង។
បញ្ហានេះបន្ទាប់ទៀតមកបានវិវត្តទៅរកតម្រងនោម និងថ្លើមរបស់គាត់ សរសៃឈាមរបស់គាត់មានការស្ទះ និងមានកំណក ដែលធ្វើឱ្យគាត់ចាប់ផ្តើមរលួយស្បែក។ ផលប៉ះពាល់គួរឱ្យរន្ធត់ទាំងនេះបន្ទាប់មក បាននាំឱ្យមានជំងឺ Cardiac Arrest ដែលជាជំងឺមុខងារប្រព័ន្ធបេះដូងខុសប្រក្រតីឬឈប់ដំណេីរការភ្លាមៗ។ ក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលចំពោះស្ថានភាពរបស់គាត់ ព្រោះវាគ្រាន់តែត្រូវឆ្កែលិឍបណ្ដាលឱ្យមានជំងឺបែបនេះ ហើយជំងឺនេះកើតឡើងលើម្នាក់ក្នុងចំណោះមនុស្ស ១.៥លាន់នាក់ ប៉ុណ្ណោះ។ ប៉ុន្តែវាមានគ្រោះថ្នាក់ដល់ជីវិតប្រហែលពី ២៨ ទៅ ៣១% ក្នុងចំណោមករណីទាំងអស់៕