«ស្រីសុរិយេស្វរៈនាដ្យរាជធិតា» ជាឈុតតំណាងជាតិ ដែលកម្ពុជានឹងយកទៅបង្ហាញ នៅក្នុងការប្រកួត Miss World 2019 នៅចក្រភពអង់គ្លេស

ស្ថាប័ន Miss World-Cambodia បានបង្ហាញនូវឈុតតំណាងជាតិសម្រាប់យកទៅបង្ហាញនៅក្នុងការប្រកួត Miss World 2019 នៅចក្រភពអង់គ្លេស។ ដោយឈុតនេះមានឈ្មោះ ស្រីសុរិយេស្វរៈនាដ្យរាជធិតា ជាស្នាដៃដំឡើងឈុតដោយលោក សាស្រ្តចារ្យ ចាន់ សោភ័ន សាស្រ្តចារ្យ ប្រចាំសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យល័យ សិល្បៈសូនរូប។ ឈុតនេះត្រូវបានគ្រងដោយ Miss World Cambodia 2019 កញ្ញា វី ស្រីវីន។ ខាងក្រោមនេះជាអត្ថន័យរបស់ឈុត “ស្រីសុរិយេស្វរៈនាដ្យរាជធិតា” ៖

“អប្សរា (ភាសាសំស្ក្រឹត ៖ अप्सरा: apsarāḥ អប្សរាះ, ពហុវចនៈ अप्सरस: apsarasaḥ អប្សរសះ ឬភាសាបាលី ៖ Accharā អច្ឆរា) ជាព្រលឹង ដួងវិញ្ញាណស្ត្រី នៃពពក និងទឹក ក្នុងជំនឿហិន្ទូ និងព្រះពុទ្ធសាសនា។ តាមអត្ថន័យនៃវចនានុក្រមខ្មែរ នៃសម្តេចព្រះសង្ឃរាជ ជួន ណាត បានប្រទាននូវអត្ថន័យថា អប្សរ នាមសព្ទ (សំ. អប្សរស, អប្សរា, បាលី អច្ឆរា មានន័យសំដៅស្រ្តីមានសម្បុរថ្លាស្រស់ ផូរផង់ ឬស្រ្តីមានមុខថ្លាស្រស់បំព្រង) ស្រ្តីសួគ៌។ មតិខ្លះនិយាយថាអប្សរាជាស្រីរបាំនៅឋានសួគ៌។ យោងតាមរឿងកូរសមុទ្រទឹកដោះ អប្សរាជាវត្ថុទិព្វមួយក្នុងចំនោមវត្ថុទិព្វជាច្រើនដែលកើតចេញពីការកូរសមុទ្រទឹកដោះនៃពពួកទេវតា និងអសុរៈ។

អប្សរា ជានារីម្នាក់ដែលមានរូបឆោមលោមពណ៌ស្រស់ស្អាត ស្រស់ល្អរកផ្ទឹមពុំបាន។ អប្សរាជាផ្នែកដ៏សំខាន់មួយនៅក្នុងចំលាក់នានាតាមជញ្ជាំងប្រាសាទបុរាណខ្មែរ។ ចំលាក់នៅលើប្រាសាទខ្មែរមានរូបស្ត្រីសួគ៌ពីរប្រភេទ នោះគឺរូបមួយបង្ហាញ ពីលក្ខណៈកំពុងតែរាំ ឬរៀបចំនឹងរាំ មានឈ្មោះថាអប្សរា និងមួយទៀតមានរូបភាពឈរនៅនឹងថ្កល់មុខមើលទៅមុខ មានលក្ខណៈជាអ្នកការពារប្រាសាទ មានឈ្មោះថាជាទេពធិតា។ រូបចំលាក់អប្សរាមានច្រើនជាងគេបំផុតគឺនៅប្រាសាទអង្គរវត្ត ព្រោះអ្នកស្រាវជ្រាវបានរាប់ឃើញថា មានរូបអប្សរាចំនួនច្រើន គឺប្រមាណជិត២០០០អង្គនៅលើប្រាសាទសវ.ទី១២នេះ ខ្លះឆ្លាក់លើសសរ ខ្លះលើជញ្ជាំង ខ្លះលើកំពូលប្រាសាទ។

ការសិក្សាមួយបានសន្និដ្ឋានថា ចម្លាក់អស់នេះផ្អែកលើជីវភាពពិតៗរបស់មនុស្សសម័យអង្គរ។ អប្សរាខ្លះយកដៃអោបអប្សរាផ្សេង រីឯអប្សរាមួយចំនួនទៀតបានបញ្ចេញនូវកាយវិការផ្សេងៗពីគ្នាដ៏រស់រវើក ហាក់កំពុងតែមានជីវិតពិតៗ។ របាំអប្សរា ជារបាំបុរាណខ្មែរមួយដែលពិភពលោកកោតសរសើរស្ញប់ស្ញែងក្រៃលែង រហូតដល់គេបានប្រដូចថា ទេព្ដាជាអ្នកបង្កើត។ គ្រឿងតុបតែងខ្លួន លាយឡំនឹងក្បាច់រាំដែលពោរពេញទៅដោយអត្ថន័យដ៏គួរឱ្យកោតសរសើរ និងទឹកមុខញញឹមបង្កប់នូវភាពទន់ភ្លន់នៃនារីខ្មែរ របាំអប្សរាបានធ្វើឲ្យកម្ពុជាល្បីល្បាញនៅទូទាំងសកលលោក។ ក្នុងចំណោមតួអង្គអប្សរាទាំងនេះក៏ត្រូវបានគេមានជំនឿថា មានអង្គខ្លះតំណាងឱ្យតួអង្គនៃព្រះរាជធិតានៃមហារាជដែលជាអធិរាជនៃអាណាចក្រក៏មហិមានេះ ដែលធ្លាប់ជានាដនារីដ៏មហស្ចារ្យក្នុងដែនដីសុវណ្ណភូមិដ៏អច្ឆរិយៈនេះ។ ព្រះនាម ស្រីសុរិយេស្វរៈនាដ្យរាជធិតា ត្រូវបានឧប្បត្តិកឡើងដើម្បីឧទ្ទិសចំពោះដួងព្រះវិញ្ញាណក្ខន្ធនៃព្រះបរមរាជធិតា នៃកម្រតេញអញជគតតរាជស្រីសុរិយេស្វរៈ ព្រះបរមវិស្ណុលោក គ្រប់ៗព្រះអង្គផងដែរ”។

ខណៈនេះការប្រកួតកំពុងតែចាប់ផ្តើម កញ្ញាវី ស្រីវីន បានទៅដល់ទីក្រុង London កាលពីវេលាម៉ោង៧យប់ ម៉ោងក្នុងប្រទេសកម្ពុជា ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងណាកុំភ្លេចជួយគាំទ្រលើកទឹកចិត្តបវកញ្ញាប្រចាំប្រទេសកម្ពុជាផងណា៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ