ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាមត្តេយ្យ វត្តព្រិនមួយខ្នង មានបួនបន្ទប់ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីពេលថ្មីៗកន្លងទៅនេះ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា៖ កន្លងមកក្រុងសៀមរាប បានជួបនូវបញ្ហាច្រើនដែរ គឺទីមួយបញ្ហាផ្លូវ ដោយបានទទួលនូវការរិះគន់ច្រើនពាក់ព័ន្ធនឹងបញ្ហាផ្លូវ ព្រោះថាបងប្អូនប្រជាពលរដ្ឋសុទ្ធតែបានជួបប្រទះនូវផលលំបាកក្នុងការធ្វើដំណើរតាមផ្លូវរបស់យើង ដែលទទួលរងការខូចខាតច្រើន និងទទួលបាននូវការចុះផ្សាយព័ត៌មានជាច្រើន ហើយបញ្ហាឯកឧត្តមអភិបាលខេត្តសៀមរាប លោកក៏បានជ្រាបអំពីការលំបាករបស់បងប្អូនក្នុងរយៈពេលប៉ុន្មានខែមកនេះ លោកបានសុំការអធ្យាស្រ័យ ចំពោះការយឺតយ៉ាវ ហើយលោកក៏បានយកចិត្តទុកដាក់នូវព័ត៌មាននេះ ព្រមទាំងមានផែនការណ៍ជាក់លាក់រួចរាល់អស់ហើយដែរ ខណៈក្នុងពេលកន្លងមកនេះ អាជ្ញាធរពិតជាអត់ធ្មត់ ដោយមិនបានឆ្លើយតបពាក់ព័ន្ធទៅនឹងការរិះគន់ក្នុងន័យស្ថាបនា ។
លោក នួន ពុទ្ធរ៉ា បានបញ្ជាក់ទៀតថា នៅឆ្នាំនេះ ក្រុងសៀមរាបទទួលបានផ្លូវចំនួន៤៥ខ្សែ ហើយក្នុងនោះផ្លូវចំនួន៣៥ខ្សែ នឹងត្រូវបានស្ថាបនានៅក្នុងឆ្នាំ២០១៩នេះ បើទោះបីពេលនេះវាចុងឆ្នាំបន្តិច ក៏ប៉ុន្តែយើងសាងសង់នៅក្នុងកាលបរិច្ឆេទឆ្នាំ២០១៩ ដូច្នេះសុំការយោគយល់អធ្យាស្រ័យ ដើម្បីធ្វើរផ្លូវ យើងចាយលុយច្រើន ដើម្បីធ្វើផ្លូវ យើងមាននីតិវិធីច្រើនទំរាំបំពេញនីតិវិធីអស់ រដូវភ្លៀងបានមកដល់ ហើយយើងត្រូវបង្ខំចិត្តអត់ទ្រាំ អត់ធ្មត់ទទួលនូវគ្រប់ព័ត៌មានទាំងអស់ ប៉ុន្តែយើងអត់អាចធ្វើកើតនៅខែភ្លៀង ព្រោះវាខូចត្រឡប់ទៅវិញ អញ្ចឹងហើយបានឯកឧត្តមអភិបាលខេត្ត លោកអត់ធ្មត់ហើយទ្រាំទាំងខ្លួនឯងក៏ពិបាកដែរ ហើយក៏មិនចង់ឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ក្នុងរដូវភ្លៀងប៉ុន្មានខែមកនេះ ក៏ប៉ុន្តែទោះយ៉ាងណា សុំការយោគយល់ ហើយមកដល់ពេលនេះ យើងបានចាប់ផ្តើមធ្វើផ្លូវ បណ្តើរៗហើយ ខណៈកន្លែងមួយចំនួនយើងចាប់ផ្តើមបើកការដ្ឋាន និងផ្លូវមួយចំនួនទៀត យើងនឹងបើកការដ្ឋានជាបន្តរបន្ទាប់ ។
លោក នួន ពុទ្ធរ៉ា បានបញ្ជាក់ទៀតថា កន្លងមកបងប្អូនប្រជាពលរដ្ឋបានឃើញក្រុមការងារកំពុងជួសជុលផ្លូវនោះ គឺមិនមែនជាការធ្វើផ្លូវនោះទេ យើងគ្រាន់តែជួសជុលផ្លូវខូចខ្លះ ក្នុងគម្រោងផ្សេង ដែលមានទំហំ៧០០ការ៉េ ជាសំបុកមាន់និងផ្លូវណាដែលវាខូចតិច ក៏ប៉ុន្តែ ចំពោះផ្លូវ៤៥ខ្សែនេះ គឺជាផ្លូវផ្សេងទាំងស្រុងក្រៅពីគម្រោងផ្លូវទំហំ៧០០ការ៉េ ហើយជាមួយនឹងការជួសជុលផ្លូវទាំង៤៥ខ្សែនេះ អាជ្ញាធរខេត្ត ក៏គ្រោងដើម្បីរៀបចំផ្លូវជាតិលេខ៦ឡើងវិញ ចាប់ពីព្រះរាជដំណាក់ទៅវង្វង់មូលប្រលានយន្តហោះ គឺយើងធ្វើទំហំឲ្យដូចគ្នា ពីព្រះរាជដំណាក់ទៅផ្សារធំថ្មី តែពីរគន្លងធំ ព្រមទាំងបានគិតទៅលើសោភ័ណភាពនៅតាមបណ្តាខ្សែផ្លូវនានា និងតាមទីកន្លែងនានា ក្នុងន័យលើកកម្ពស់សោភ័ណភាពរបស់ក្រុង៕