• គ្រាន់តែគ្រោះថ្នាក់​ចរាចរណ៍ បង្កឲ្យកម្ពុជា ខាតបង់​ថវិកា​ក្នុង​មួយឆ្នាំៗ​ប្រមាណ ​៣៥០ លាន​ដុល្លារ

    ភ្នំពេញ ​៖ ​សម្ដេច​ក្រឡាហោម ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មានប្រសាសន៍ថា តាម​ការប៉ាន់ប្រមាណ​គ្រោះថ្នាក់​ចរាចរណ៍ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ខាតបង់​ថវិកា​ក្នុង​មួយឆ្នាំៗ​ជាច្រើន​លាន​ដុល្លារ ដោយ​មិន​គិត​ផល​លំបាក​សង្គម​ដូចជា ការ​បន្សល់ទុក​ជនពិកា​រ កុមារកំព្រា ស្ដ្រី​មេម៉ាយ និង​ធ្វើ​ឲ្យ​គ្រួសារ​មួយចំនួន ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ​ថ្ងៃអាទិត្យ ១៣​រោច ខែ​ក​ក្ដិ​ក ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​អន្តរជាតិ​រំលឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៤ និង​យុទ្ធនា​ការដើរ​ដោយ​សុវត្ថិភាព​។​

    ​ទិវា​នេះ​ធ្វើឡើង​ដើម្បី រំលឹក​ដល់​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ព្រមទាំង​ធ្វើ​យុទ្ធនា​ការដើរ​ដោយ​សុវត្ថិភាព ដើម្បី​ផ្សព្វផ្សាយ ក៏ដូចជា​អំពាវនាវ​ដល់​សាធារណជន​ឱ្យចូល​រួម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​មិន​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង យក​រថយន្ត​ទៅពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​នឹង​ទៀងទាត់ និង​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​បើកបរ​ខ្ពស់​ជាដើម​។​

    ​សូមបញ្ជាក់ថា​៖ ជា​មធ្យម​មាន​មនុស្ស​ចំនួន​៥​នាក់​បាន​ស្លាប់ និង​១១​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយថ្ងៃ ដែល​ធ្វើឱ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ​ប្រមាណ​៣៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ព្រមទាំង​បន្សល់ទុក​ជនពិការ​ទាំ​ង​កាយ​និង​ស្មារតី ស្ត្រី​មេម៉ាយ កុមារកំព្រា ដែល​បណ្ដាលឱ្យ​ងាយ​ធា្ល​ក់​ក្នុង​អន្ទាក់​នៃ​ភាពក្រីក្រ​។​

    ​តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា កត្តា​ដែល​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​លើសលប់​ប្រមាណ​៩០% គឺ​បណ្ដាលមកពី​កត្តា​មនុស្ស តាមរយៈ​បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​បើក​បរជែង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ជាដើម​។​

    ​តួលេខ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ដែល​បង្ហាញ​ដោយ​សម្ដេច​ក្រឡាហោម ស ខេង ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង ចំនួន​៣,១៥៩​លើក បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​១,៥២១​នាក់ និង​របួស​៤,៧២១​នាក់ គិត​ជា​មធ្យម​គឺ​ស្លាប់​ជាង​៥​នាក់ និង​របួស​១៧​នាក់ ក្នុង​មួយថ្ងៃ​។​

    ​ជាមួយគ្នា​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់ និង​ដោយ​ស្មារតី​ម្ចាស់ការ​ខ្ពស់ ពោលគឺ​ផ្ដោតលើ​សុវត្ថិភាព​ចរាចរណ៍​ផ្ទាល់ខ្លួន និង​អ្នករួមដំណើរ និង​ត្រូវ​ចងចាំ​ប្រសាសន៍​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា “​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​”​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ