ថៃ៖ កាលពីកន្លងទៅថ្មីៗនេះ មានករណីក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយលោតពីជាន់ទី៦នៃអគារខ្ពស់មួយនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ព្រោះតែរូបនាងមានការខ្មាសអៀនជាមួយអ្នកជិតខាង រួមទាំងមិត្តភក្តិ នឹងក្រុមគ្រួសារបន្ទាប់ពីដឹងខ្លួនថា មានផ្ទៃពោះទាំងវ័យក្មេង។
ក្មេងស្រីវ័យ១៣ឆ្នាំរូបនេះ ពុំត្រូវបានបញ្ចេញឈ្មោះឲ្យស្គាល់នោះឡើយ ដោយសព្វថ្ងៃរូបនាងរស់នៅជាមួយម្តាយតែ២នាក់ក្នុងបន្ទប់ជួល ដោយម្តាយរបស់នាងមានអាយុ ៤៨ឆ្នាំ។ តាមការរៀបរាប់បានឲ្យដឹងថាក្មេងស្រីវ័យ១៣ឆ្នាំរូបនេះ ជាមនុស្សចូលចិត្តភាពសប្បាយរីករាយ និងដើរលេងយប់បាត់ពីផ្ទះរយៈពេល៣-៤ថ្ងៃ ហើយក្រោយមកទទួលបានព័ត៌មានថាក្មេងស្រីរូបនេះត្រូវបានគេរំលោភនៅថ្ងៃ Loy Kratong ធ្វើឲ្យនាងមានសភាពសោកសៅជាខ្លាំង ដោយអារម្មណ៍ពុំនៅក្នុងខ្លួន រហូតដល់ម្តាយនាងបានដឹងថាកូនស្រីកំពុងពរពោះទាំងវ័យក្មេង ដោយកូនក្នុងផ្ទៃមានរយៈពេល១ខែមកហើយ។
លុះពេលដឹងរឿងអ្នកម្តាយ និងក្មេងស្រីរូបនោះចាប់ផ្តើមទាស់ទែងពាក្យសម្តីគ្នា ដោយមានការស្តីបន្ទោសដល់រូបនាងជាខ្លាំង។ ស្រាប់តែនៅយប់ថ្ងៃកើតហេតុទី១៦ ខែវិច្ឋិកា វេលាម៉ោង១១ និង៥៥នាទីយប់ស្រាប់តែរូបនាងបានលោតសម្លាប់ខ្លួន ស្លាប់ដោយបាក់ឆ្អឹងយ៉ាងអាណោចអាធ័ម។ យ៉ាងណាមិញប៉ូលីសនឹងធ្វើការពិនិត្យសាកសពជាថ្មីម្តងទៀត មុននឹងផ្តល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕