ស្រុកពញាឮ៖ ករណីឃាតកម្ម ប្តីវាយប្រពន្ឌបណ្តាលឲ្យបាក់ដៃ រួចហើយជនសង្ស័យបានយកដៃសង្កត់កជនរងគ្រោះ និងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៏ បណ្តាលឲ្យជនរងគ្រោះស្លាប់។
ករណីនេះ កើតហេតុ៖ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង២ រំលង អធ្រាត្រ ចំណុចវាលស្រែ ភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់(ស្លាប់) ត្រូវជាប្រពន្ធ ជនសង្ស័យឈ្មោះយ៉ាត ស្រីពៅ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ មានទីលំនៅ ភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យ០១នាក់ប្ដី(រត់គេចខ្លួន) ឈ្មោះឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខរោងចក្រ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ (ជនសង្ស័យធ្លាប់ជាប់ពន្ធនាគានៅខេត្តកណ្តាលពីបទ៖ ហិង្សាប្រព្រឹត្តដោយសហព័ន្ធ វាយប្រពន្ធ) ។
នគរបាលប្រាប់ពីសភាពរឿងហេតុថា នៅមុនកើតហេតុថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យបានប្រើអំពើហិង្សាវាយប្រពន្ធ ហើយពេលនោះមានឈ្មោះ ឌុច ពេជ្រ ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ ជាមួយ បានចូលទៅជួយឃាត់ ហើយជនសង្ស័យបាននិយាយថា៖កុំចេះដឹងរឿងខ្ញុំ រួចហើយឈ្មោះ ឌុច ពេជ្រ បានដើរចេញ ហើយបានឃើញជនសង្ស័យ កាន់ដំបងប៉ុនកដៃកូនក្មេង ប្រហែលប្រវែង១ ម៉ែត្រជាងចំនួន១កំណាត់ និង ដៃម្ខាងទៀត កាន់កាំបិតផ្គាក់ ចំណែក ជនរងគ្រោះ កាន់ធុងជ័រពណ៌ ក្រហម រួចនាំគ្នាដើរទៅរកក្តាមនៅចំណុច វាលស្រែខាងកើតភូមិបាត់ទៅ ។
លុះដល់វេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជនសង្ស័យ បានដើរមកប្រាប់ឈ្មោះ សន សុខឃីម ភេទ ស្រី ត្រូវជាប្អូនបង្កើតជនរងគ្រោះថា៖ ទៅយកបងហ្អែងទៅពេទ្យផង ព្រោះអញវាយបាក់ដៃនៅវាលស្រែខាងកើតភូមិ ហើយពេលនោះឈ្មោះ សន សុខឃីម បានឆ្លើយតបវិញថា៖ ទៅមិនកើតទេព្រោះយប់ហើយ បន្ទាប់មក ជនសង្ស័យក៍ដើរចេញទៅបាត់ទៅ ។ លុះព្រឹកឡើងមានប្រជាពលរដ្ឋបានដើរទៅស្រែបានឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យលើខ្លួនសាកសព។
ការសន្និដ្ឋានថា៖ ជនសង្ស័យខាងលើបានវាយជនរងគ្រោះឲ្យបាក់ដៃ រួចហើយជនសង្ស័យបានយកដៃសង្កត់កជនរងគ្រោះ និងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៏ បណ្តាលឲ្យ ជនរងគ្រោះស្លាប់។
បច្ចុប្បន្នកម្លាំងផ្នែកជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី ៕