ភ្នំពេញ៖ មន្ត្រីរាជការសុីវិល នៃព្រះរាជាណាចក្រកម្ពុជា ទោះបីស្ថិតនៅប្រភេទក្របខណ្ឌណាមួយក៍ដោយ នឹងបម្រើការងាររហូតដល់អាយុ៦០ឆ្នាំទើបដាក់អោយចូលនិវត្តន៍។
លោកពេជ្រ ប៊ុនធិន ក្រសួងមុខងារសាធារណៈ បានចេញលិខិតមួយច្បាប់នៅថ្ងៃទី 21 ខែវិច្ឆិកាឆ្នាំ 2019 ដោយសូមគោរពជូនសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ននិងឯកឧត្តម លោកជំទាវ លោក លោកស្រី អតីបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ក្នុងកម្មវត្ថុ ស្ដីពីការរំកិលអាយុចូលនិវត្តន៍ដល់អាយុ ៦០ (ហុកសិប)ឆ្នាំ សម្រាប់មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចេញលិខិតនេះ ដោយយោង តាម ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា៖
– ព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសន្តិសុខសង្គម។
– ព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន និងឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេត្តាជ្រាបថា អនុលោមតាមមាត្រា២៦នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម មន្ត្រីរាជការស៊ីវិលដែល ស្ថិតក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាស្ថិត ក្នុងប្រភេទក្របខ័ណ្ឌណាមួយ ក៏ដោយត្រូវបម្រើការងាររហូតដល់អាយុ៦០(ហុកសិប)ឆ្នាំ ទើបរៀបចំដាក់ឱ្យចូលនិវត្តន៍ តាមនីតិវិធីជាធរមាន។ អនុលោមតាមមាត្រា១០៧នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ចែងថា ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់» ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ក្រសួងមុខងារសាធារណៈនឹងរក្សាទុកមន្ត្រីរាជការស៊ីវិលដែលមានប្រភេទក្របខណ្ឌ ខ និង គ ឱ្យបម្រើការងារបន្តទៀតរហូតដល់ អាយុ ៦០ (ហុកសិប) ឆ្នាំ។
ដោយឡែកចំពោះមន្ត្រីរាជការស៊ីវិលប្រភេទក្របខ័ណ្ឌ ខ និង គ ដែលបានរៀបចំដាក់ឱ្យចូលនិវត្តន៍ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក ហើយទទួលបានការផ្តល់ជូនប្រាក់ឧបត្ថម្ភ លើកដំបូងម្តងគត់ មុនពេលចូលនិវត្តន៍ចំនួន ៨(ប្រាំបីខែនៃបៀវត្សរ៍មូលដ្ឋានចុងក្រោយ រួចរាល់ហើយនោះ ក្រសួងមុខងារសាធារណៈ សូមស្នើឱ្យសាមីខ្លួនបង្វែរថវិកាទាំងនោះចូលថវិការដ្ឋវិញ និងនៅបន្តបម្រើការងារ ក្នុងក្របខ័ណ្ឌរបស់ខ្លួនរហូតដល់អាយុ៦០(ហុកសិប)៕