រាជរដ្ឋាភិបាលណែនាំឲ្យមានការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងដាំដំណាំរួមផ្សំផ្សេងៗ ដោយមិនគម្បីធ្វើស្រូវប្រាំងពីរដងនោះទេសម្រាប់ឆ្នាំ២០១៩-២០២០ ខាងមុខនេះ។
នៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានចេញនូវសារាចរណែនាំមួយដោយបានលើកឡើងថាក្នុងឆ្នាំ២០១៩នេះទាំងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់បានរងនូវឥទ្ធិពលអែលនីណូ ដែលធ្វើឲ្យធាតុអាកាសមានសភាពក្ដៅហួតហែងខ្លាំង រដូវរស្សាមកយឺត របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង។ ប្រភពបន្តថាជាពិសេសទឹកជំនន់មានតែមួយដងហើយបន្ទាប់មកក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេលកន្លងមក។
រាជរដ្ឋាភិបាលឲ្យដឹងទៀតថាបើទោះបីជាពេលនេះអាងទឹកនានាបានរក្សាទឹកស្ទើរតែបាន១០០ភាគរយក្នុងក្រមខណ្ឌទូទាំងប្រទេសក៏ដោយ ក៏បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែចាត់ទុកជាអាទិភាព។
រាជរដ្ឋាភិបាលបានណែនាំថាការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែម្ដងប៉ុណ្ណោះ មិនអាចធ្វើបានជាលើកទីពីរនោះទេ បើទោះបីជាមានកន្លែងខ្លះមានប្រភពទឹកទុក និងទឹកធម្មជាតិក៏ដោយ និងថាគួរគប្បីរក្សាទឹកទាំងនោះទុកដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងៗក្រៅពីស្រូវ។ ប្រភពដដែលបានបន្តថាក្រសួង និងអាជ្ញាធរពាក់ព័ន្ធត្រូវមានវិធានការរក្សាទឹកទុកឲ្យបានល្អ ដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ រហូតមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕