ចិនទើបតែបានបង្កើតច្បាប់ថ្មីមួយដើម្បីគ្រប់គ្រង់និងកំណត់ពេលវេលានៃការលេងហ្គេមតាមអ៊ីនធឺណិត ដើម្បីការពារមិនឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវជនមិនទាន់គ្រប់អាយុ (អាយុក្រោម ១៦ ឆ្នាំ) ញៀននឹងការលេងហ្គេម។ សារព័ត៌មាន Dailymail បានចុះផ្សាយលម្អិតពីច្បាប់ថ្មីរបស់ចិននេះថា រដ្ឋាភិបាលចិននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋលេងហ្គេមតាមអ៊ីនធឺណិតត្រឹមតែ ១,៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់ថ្ងៃធ្វើការងារ (ចន្ទ-សុក្រ) និង ៣ម៉ោងក្នុងមួយថ្ងៃ សម្រាប់ថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាកបុណ្យជាតិ។
ក្នុងនោះច្បាប់បានកំណត់ហាមមិនឲ្យលេងហ្គេមចាប់ពី ១០យប់ ដល់ ៨ ព្រឹកឡើយ ព្រោះគេចង់ឲ្យក្មេងៗចូលគេងមុនម៉ោង ១០ យប់។ ច្បាប់ថ្មីនេះក៏បានកំណត់ចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋអាចចំណាយក្នុងការលេងហ្គេមបានផងដែរដូចជា ក្មេងដែលមានអាយុក្រោម ៨ឆ្នាំ មិនអនុញ្ញាតឲ្យលេងហ្គេមដែលមានការចំណាយប្រាក់ជាដាច់ខាត។ ក្មេងមានអាយុក្រោយ ១៦ ឆ្នាំ អាចចំណាយលុយលេងហ្គេមមិនលើសពី ២០០ យន់ (២៨,៥ ដុល្លារ)ក្នុងមួយខែ ហើយចំពោះការចំណាយលេងហ្គេមម្តងមិនត្រូវលើសពី ៥០យន់ (៧ ដុល្លារ) ឡើយ។ ដោយឡែកប្រជាពលរដ្ឋដែលគ្រប់អាយុ (លើសពី ១៦ឆ្នាំឡើងទៅ) អាចចំណាយប្រាក់លេងហ្គេមមិនលើសពី ៤០០ យន់ (៥៧ ដុល្លារ) ក្នុងមួយខែ ហើយចំពោះការលេងហ្គេមម្តងពួកគេអាចចំណាយដល់ ១០០ យន់ (១៤ ដុល្លារ)។