ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ក្រោយមានករណីកើតមានជម្លោះទាស់ទែងគ្នារវាងប្តី និងប្រពន្ធ រហូតមានការប្តឹងផ្តល់ព្រោះតែបញ្ហាចែកប្រាក់រង្វាន់ឈ្នះឆ្នោតធំមិនស្មើគ្នា។
នារីវ័យ២៣ឆ្នាំមួយរូប បានសម្រក់ទឹកភ្នែកមកដាក់ពាក្យបណ្តឹងនៅឯប៉ុស្តិ៍ប៉ូលីស ដើម្បីឲ្យប៉ូលីសជួយទប់ស្កាត់ស្វាមីខ្លួនកុំឲ្យបើកប្រាក់បាន ព្រោះតែបុរសជាប្តីដែលមានវ័យ ៣៤ ឆ្នាំរូបនោះបានរត់គេចខ្លួនជាមួយសន្លឹកឆ្នោតដែលខ្លួនបានឈ្នះរង្វាន់ធំ គិតជាទឹកប្រាក់ចំនួន៦លានបាត។
តាមរយៈការរៀបរាប់បានឲ្យដឹងថា ដើមហេតុគឺគូស្វាមីភរិយាមួយគូនេះបានព្រមព្រៀងគ្នាថានឹងចែកប្រាក់រង្វាន់ម្នាក់ចំនួន៣លានបាត ដើម្បីធ្វើការចាយវាយ និងធ្វើគម្រោងប្រើប្រាស់រង្វាន់ដែលឈ្នះសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរួមគ្នា។ លុះក្រោយមកស្រាប់តែប្តីរបស់នាងថាឲ្យនាងចំនួនត្រឹមតែ២លានបាតប៉ុណ្ណោះ ដែលធ្វើឲ្យនាងមិនសុខចិត្តក៏ចាប់ផ្តើមឈ្លោះទាស់ទែងពាក្យសម្តីគ្នា មុននឹងបុរសជាប្តីចាកចេញទៅបាត់ជាមួយសន្លឹកឆ្នោត។ ហេតុដូចនេះទើបនាងបានមកសម្រក់ទឹកភ្នែកដាក់ពាក្យបណ្តឹងដើម្បីឲ្យប៉ូលីសជួយអន្តរាគមន៍ កុំឲ្យស្វាមីនាងបើកប្រាក់រង្វាន់បាន។ តែយ៉ាងណាមិញនាងបានសម្តែងអារម្មណ៍ស្តាយក្រោយជាខ្លាំង បន្ទាប់ពីជួបរឿងបែបនេះ ដោយនាងពុំចង់ត្រូវឆ្នោតនោះឡើយ បើដឹងថាកើតរឿងបែបនេះ៕