• លោក ឌូតឺតេ នឹង​ហាម​ឃាត់​ការ​នាំ​ចូល «បារី​អេឡិចត្រូនិច» នៅ​ក្នុង​ប្រទេស​ហ្វីលីពីន

    (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងហាមឃាត់ការប្រើប្រាស់ព្រមទាំងការនាំចូល នៃផលិតផលបារីអេឡិចត្រូនិច (E-Cigarette) ហើយជនណាដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវចាប់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

    កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោក ឌូតឺតេ បានប្រកាសពីគម្រោងខាងលើ ក្នុងកំឡុងសន្នីសីទ សារព័ត៌មានមួយ បន្ទាប់ពីត្រូវបានក្រុមអ្នកកាសែតសួរទាក់ទងរបាយការណ៍មួយរបស់ក្រសួងសុខាភិបាល ហ្វីលីពីន ដែលទទួលស្គាល់ថា មានករណីអ្នកដែលឈឺសួតលើកដំបូង ពាក់ព័ន្ធនឹងការជក់បារីអេឡិចត្រូនិច នៅក្នុងប្រទេសហ្វីលីពីន។ កន្លងមកលោក ឌូតឺតេ ក៏បានចេញបម្រាមចំពោះការជក់បារីធម្មតានៅតាមទីសាធារណៈផងដែរ។ មេដឹកនាំហ្វីលីពីនវ័យ៧៤ឆ្នាំនេះផ្ទាល់ ក៏ធ្លាប់ជាអ្នកជក់បារីខ្លាំងមួយរូបដែរ ប៉ុន្តែលោកបានផ្តាច់លែងប្រើប្រាស់វិញ ក្រោយពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា លោកឈឺជំងឺ Buerger’s disease ដែលបង្កការរាំងស្ទាំងដល់សរសៃឈាម។

    គួរជម្រាបថា ឧស្សាហកម្មបារីអេឡិចត្រូនិចនៅលើពិភពលោក ដែលទទួលបានកំណើនយ៉ាងឆាប់រហ័សនា ពេលកន្លងមកនេះ ឥឡូវកំពុងប្រឈមការរិះគន់ខណៈយុវវ័យនិយមប្រើប្រាស់ផលិតផលនេះកាន់តែច្រើនខ្លាំង ដែលបង្កជាក្តីបារម្ភខ្លាំង។ កាលពីខែកញ្ញា ឆ្នាំ២០១៩នេះ ឥណ្ឌាទើបបានសម្រេចហាមឃាត់ការលក់បារី អេឡិចត្រូនិច នៅក្នុងប្រទេសខ្លួន។ រីឯម៉ាឡេស៊ី ក៏ចង់ហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ពួកវា នៅតាមទីសាធារណៈ ក៏ដូចជាហាមមិនឲ្យយុវវ័យប្រើប្រាស់ផងដែរ។ ការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ក៏កំពុងបង្កជាក្តីកង្វល់ដ៏ធំមួយនៅក្នុងសហរដ្ឋអាមេរិកដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ