• កីឡា​អេឡិច​ត្រូនិក Mobile Legends: Bang Bang ទទួលបាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​នៅ​កម្ពុជា

    (ភ្នំពេញ)៖ កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang បានទទួលការគាំទ្រកាន់តែច្រើន ពីកីឡាករ-កីឡាការិនី និងយុវជន ដែលនិយមលេងកីឡាបែបទំនើបមួយនេះនៅកម្ពុជា។ ជាក់ស្ដែងក្នុង ព្រឹត្តិការណ៍ Water Festival X MLBB កាលពីពេលថ្មីៗ បានទទួលអ្នកចូលរួមដ៏ច្រើនប្រមាណ ១៥,០០០នាក់ឯណោះ។

    កម្មវិធី Water Festival X MLBB ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃពេញ កាលពីថ្មីៗ នៅសួនច្បារវត្តបទុមវតី ហើយកម្មវិធីនេះ បានក្លាយជាផ្នែកមួយ ផ្ដល់នូវភាពសប្បាយរីករាយ និងការទស្សនាកម្សាន្ដដល់ភ្ញៀវជាតិ-អន្ដរជាតិ ដែលបាន ចូលរួមពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំនេះ។

    មិនតែប៉ុណ្ណោះកម្មវិធីខាងលើ ក៏បានក្លាយជាវេទិកាមួយ សម្រាប់កីឡាករ-កីឡាការិនី និងយុវជន មានឱកាស ជួបជុំគ្នា ដើម្បីសាកល្បងថ្វីដៃក្នុងគោលបំណងបង្កើតចំណងមិត្តភាព បង្កើនសមត្ថភាព និងទទួលបានភាព សប្បាយរីករាយជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស ក្នុងឱកាសបុណ្យអុំទូក។ អ្វីដែលពិសេស ក្នុងរយៈពេល ៣ថ្ងៃ នៃកម្មវិធីនេះ គឺមានអ្នកចូលរួមផ្ទាល់ប្រមាណ ១៥,០០០នាក់ឯណោះ។

    គួរបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលកីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legends: Bang Bang បានរៀបចំកម្មវិធីបែបកម្សាន្ដនេះឡើង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ហើយក្នុងឱកាសនោះ ក៏មានការផ្សាយបន្ដផ្ទាល់ពីការប្រកួតជើងឯកពិភពលោក Mobile Legends: Bang Bank World Championship ពីប្រទេសម៉ាឡេស៊ី ជូនអ្នកចូលរួមបានទស្សនាកម្សាន្ដទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ