• សិល្បករ សិល្បការិនី នាំគ្នាចូលរួមក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅវត្តបុទុមវតី

    កាលពីថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងត្រូវបានដង្ហែដើម្បីតម្កល់ព្រះបរមសព នាវត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី ដោយមានព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

    នៅក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព គេក៏សង្កេតឃើញមានសិល្បករ សិល្បការិនី មានដូចជា ឌួង ហ្សូរីដា, ចន ច័ន្ទលក្ខិណា, អ៊ឹង និមល ជាដើមបានចូលរួមពោរពេញដោយទឹកមុខសោកសង្រែងចំពោះការបាត់បង់នូវមាតានៃរបាំព្រះរាជទ្រព្យ។ ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “សូម​ថ្វាយ​ព្រះ​អាល័យ និងសូម​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ ស្ដេច​យាង​សោយ​សុខ​ក្នុង​ព្រះបរមសុខ​គតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ”។ ចំណែក ឌួង ហ្សូរីដា ក៏បានសរសេរថា៖ “ថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ទទួលព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក សូមថ្វាយមហាព្រះរាជកុសល សោកស្តាយសំរាប់ការបាត់បង់លោក”។

    សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយ​ទិវង្គត​ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ហើយក៏បានប្រកាសអោយគ្រប់ក្រសួងស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ គឺនៅកម្ពុជាទាំងមូលត្រូវទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីធ្វើពិធីកាន់ទុក្ខក្នុងរយៈពេល ១ថ្ងៃ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ