ប៉ូលិសហុងកុង ចាប់ខ្លួនបាតុករ ១,១០០នាក់ និងរឹបអូសគ្រាប់បែកសាំងរាប់ពាន់ដប

(ហុងកុង)៖ ក្នុងពេលត្រឹមតែមួយថ្ងៃមនុស្សប្រមាណ ១,១០០នាក់ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន ខណៈគ្រាប់បែកសាំងជាង ៣,៩០០ដប ត្រូវបានរកឃើញនៅសាកលវិទ្យាល័យមួយកន្លែង ចំពោះមុខស្ថានការណ៍ដែលកាន់តែតានតឹង នៃចលនាបាតុកម្មនៅទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យម្នាក់នៃប៉ូលិសហុងកុង បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា ក្នុងពេលត្រឹមតែមួយថ្ងៃបាតុករប្រហែល ១,១០០នាក់ត្រូវបានចាប់ខ្លួន ដោយសារបានប្រព្រឹត្តបទល្មើសដូចជា ការចូលរួមធ្វើកុប្បកម្ម និងមានផ្ទុកអាវុធបង្កគ្រោះថ្នាក់ជាដើម។ អ្នកនាំពាក្យរូបនោះបានបន្ថែមទៀតថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ូលិសហុងកុងបានរកឃើញ និងរឹបអូសគ្រាប់បែកសាំងជាង ៣,៩០០ដប នៅសាកលវិទ្យាល័យ CUHK ដែលប្រៀបដូចជារោងចក្រផលិតគ្រាប់បែកនេះទៅហើយ។

គួរជម្រាបថា បច្ចុប្បន្នការប្រឈមមុខដាក់គ្នាខ្លាំងកំពុងបន្តកើតមាន នៅសាកលវិទ្យាល័យហុងកុងមួយទៀតគឺ PolyU។ នាថ្ងៃអង្គារនេះ ក្រុមបាតុករនៅតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ហើយប្រឆាំងចំពោះការទាមទារ ពីសំណាក់អភិបាលក្រុងហុងកុង ដើម្បីឲ្យពួកគេចុះចាញ់។ សាកលវិទ្យាល័យ PolyU ត្រូវបានក្រុមបាតុករហុងកុង ចូលកាន់កាប់តាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយប៉ូលិសហុងកុងបានព្យាយាមសម្រុកចូល អស់រយៈពេល ០៣ថ្ងៃជាប់គ្នាមកហើយ តែមិនអាចធ្វើបានដោយសារតែការប្រើហិង្សា តបតពីសំណាក់ក្រុមបាតុករ ដែលបានចោលគ្រាប់បែកសាំង ដុំឥដ្ឋ និងបាញ់ព្រួញភ្លើងមកលើអាជ្ញាធរ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ