គោព្រៃកម្ពុជា ចាញ់ម្ចាស់ផ្ទះហុងកុង ២-០ នៃវគ្គជម្រុះ World Cup 2022

(ហុងកុង)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរបូត ៣ពិន្ទុទៀតហើយ ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ២-០ ក្នុងប្រកួតទី៥ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (FIFA World Cup Qatar 2022 នារាត្រីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ នៅកីឡដ្ឋាន Hong Kong Stadium ។

ជំនួបដ៏តានតឹងនេះ ក្រុមម្ចាស់ផ្ទះហុងកុង បានបំប៉ោងសំណាញ់ទីក្រុមគោព្រៃកម្ពុជា គ្រាប់ទី១ ដោយកីឡាករ James Ha នៅនាទី២១ ។ បន្ទាប់មកកម្ពុជា បានព្យាយាមវាយបកវិញ តែធ្វើមិនបានសម្រេច ។ ផ្ទុយទៅវិញ នៅចុងម៉ោងប្រធានក្រុមកម្ពុជា សឿយ វិសាខា បានទទួលកាតលឿងលើកទី២ ស្មើនឹងកាតក្រហម នាំឲ្យបាត់បង់សមាជិកម្នាក់ និងបង្កើតឱកាសឲ្យហុងកុងរកបាន ១គ្រាប់ទៀត ដោយកីឡាករ Roberto Junior ដេីម្បីយកឈ្នះកម្ពុជា ២-០ តែម្ដង ។

នេះគឺជាការបរាជ័យលើកទី៥ របស់ក្រុមគោព្រៃកម្ពុជា ដោយស្មើ១ និងចាញ់៤ មិនទាន់ស្គាល់ពាក្យឈ្នះម្ដងឡើយ ឈរនៅលេខ៥ បាតតារាងនៅក្នុងព្រឹត្តិការណ៍វគ្គជម្រុះបាល់ទាត់ពិភពលោក ឆ្នាំ២០២២ វគ្គជម្រុះពូល C។

ចំណែកហុងកុង បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងចំណោម ៥ប្រកួត ពោលគឺឈ្នះ១ ស្មើ២ និងចាញ់២ រកបាន ៥ពិន្ទុ ។ កាលពីជើងទី១ ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតស្មើហុងកុង ១-១ នៅលើកទឹកដីរបស់ខ្លួន៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ