គ្រួសាររបស់ជនរងគ្រោះដែលត្រូវគេប្រទះឃើញស្លាប់ទាំងអស់ក្នុងទូកុងតឺណឺ ត្រូវបានរដ្ឋាភិបាលវៀតណាមផ្តល់ប្រាក់កម្ចី ដើម្បីឲ្យពួកគេចំណាយលើការយកសាកសព សមាជិកពួកគេ ត្រឡប់មកស្រុកកំណើតវិញ។
នៅក្នុងលិខិត្តព្រមព្រៀងដែលផ្តល់ដោយអាជ្ញាធរវៀតណាម បានសរសេរថា “ខ្ញុំជួសមុខឲ្យគ្រួសារ សន្យាថានឹងធ្វើការសងប្រាក់ចំណាយទាំងអស់វិញ ដែលអាជ្ញាធរបានធ្វើការចាយវាយ ដើម្បីធ្វើការដឹកសាកសពមកពីអង់គ្លេស”។
គ្រួសារជនរងគ្រោះត្រូវបានអាជ្ញាធរផ្តល់ប្រាក់បំរុងឲ្យចំនួន ៦៦លានដុង ស្មើនឹង ២.៨៤០ដុល្លារ ដើម្បីធ្វើការដឹកជញ្ជូនសាកសពសមាជិកពួកគេមកវិញ ដែលត្រូវចំណាយអស់ ៤៤លានដុង។ នេះបើតាមការបញ្ជាក់របស់ BBC។
គ្រួរសារវៀតណាមមួយចំនួនក៏បានជាប់បំណុលគេហើយដែរ ដោយសារតែខ្ចីប្រាក់រហូតដល់ជាង ៥ម៉ឺនដុល្លារដើម្បីបញ្ជូនសមាជិកពួកគេទៅកាន់អង់គ្លេសដោយខុសច្បាប់។
សូមបញ្ជាក់ថា កាលពីខែតុលា កន្លងទៅនេះ អាជ្ញាធរអង់គ្លេសបានរកឃើញសាកសពមនុស្សចំនួន ៣៩នាក់នៅក្នុងទូកុងតឺណឺ។ ជនរងគ្រោះទាំងអស់ ត្រូវបានអ្នកជួញដូរមនុស្សបានធ្វើការដឹកជញ្ជូនជាច្រើនដំណាក់កាល ដើម្បីឲ្យពួកគេបានមករស់នៅ និងធ្វើការនៅអង់គ្លេស។
ដំបូងឡើយ អាជ្ញាធរស្មានថា ពួកគេទាំងអស់នោះជាជនជាតិចិន ប៉ុន្តែក្រោយពេលធ្វើស៊ើបអង្កេត ទើបដឹងថាពួកគេជាជនជាតិវៀតណាមទាំងអស់៕