អាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រូវបានគេដាក់ឈ្មោះឲ្យថាជាអាកាសយានដ្ឋានប្រចាំតំបន់ល្អបំផុតប្រចាំឆ្នាំ ២០១៩ នៅអាស៊ីប៉ាស៊ីហ្វិក ដែលមានកំណើននៃចរាចរណ៍អ្នកដំណើរប្រកបដោយនិរន្តរភាពក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ពានរង្វាន់នេះត្រូវបានប្រគល់ជូននៅក្នុងកិច្ចប្រជុំកំពូលអាស៊ី CAPA ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី ដោយព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំវិស័យអាកាសចរណ៍ និងទេសចរណ៍ជាច្រើន។ ដោយគោលបំណងនៃពានរង្វាន់នេះគឺ ទទួលស្គាល់អាកាសយានដ្ឋានតូចៗដែលមានសម្ថភាពទទួលអ្នកដំណើរតិចជាង ១០ លាននាក់ក្នុងមួយឆ្នាំដែលពឹងផ្អែកជាចម្បងលើផ្លូវហោះហើរជិតៗ។
CAPA គឺជាអ្នកផ្តល់ឈានមុខគេនៃការស៊ើបការណ៍ទីផ្សារសម្រាប់ឧស្សាហកម្មអាកាសចរណ៍ និងទេសចរណ៍ ពានរង្វាន់អាកាសចរណ៍សម្រាប់ឧត្តមភាពរបស់ខ្លួនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ និងមាន ១០ ប្រភេទ។ ជាមួយគ្នានេះដែរ CAPA បានជ្រើសរើសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់អនុវត្តយុទ្ធសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដែលនាំឲ្យបរិមាណអ្នកដំណើរកើនឡើងជាង ២៥% ក្នុងរយៈពេលពីឆ្នាំ ២០១៧ ទៅ ២០១៨ និង ១៥% នៅចន្លោះត្រីមាសទី១ និងទី៣ នៃឆ្នាំនេះ។
បន្ថែមពីនេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកំពុងវិនិយោគជាបន្តបន្ទាប់ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានរបស់ខ្លួនដើម្បីទប់ទល់នឹងចរាចរណ៍ដែលកំពុងកើនឡើង ហើយនៅឆ្នាំនេះយើងរំពឹងថានឹងទទួលបានអ្នកដំណើរ ៦ លាននាក់។ មិនតែប៉ុណ្ណោះសមត្ថភាពដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋានបានកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលដូចគ្នានេះ។
យ៉ាងណាមិញយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថាចំនួនភ្ញៀវទេសចរបរទេសដែមកទស្សនាប្រទេសកម្ពុជាបានកើនឡើង ១០% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ ដោយចាប់ពីខែមករា ដល់ខែកញ្ញាភ្ញៀវទេសចរបរទេសសរុបមានចំនួន ៤.៨ លាននាក់បានមកធ្វើទស្សនកិច្ចនៅកម្ពុជា។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានដឹកអ្នកដំណើរចំនួន ១.៥ លាននាក់ កើនឡើង ១២.៧% ខេត្តសៀមរាបទទួលបាន ១.២ លាននាក់កើនឡើង ១០.៩% និងភ្ញៀវចំនួន ៥៤៩,៤៨១ នាក់បានឆ្លងកាត់ក្រុងព្រះសីហនុ កើនឡើង ៣០៨%៕