ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រើធនធានធម្មជាតិរបស់កម្ពុជា គឺ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងបូមបាននៅក្នុងឆ្នាំ២០២០ខាងមុខនេះ តែចំពោះថ្ងៃខែពិតប្រាកដនោះទេ ។ សម្តេចតេជោ ក៏បានថ្លែងពីការរុករកឃើញប្រភពធនធានធម្មជាតិ គឺធ្យូងថ្ម និងរ៉ែមាស នៅក្នុងខេត្តចំនួន២ និងប្រេង ក្រោមដីនៅខេត្តស្វាយរៀង ដែលអាចជួយទ្រទ្រង់ដល់សេដ្ឋកច្ចជាតិ បានមួយកម្រិត។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការសោកស្តាយចំពោះ ការប្រកាសអំពីការបូមប្រេងលើកដំបូងកាលពីឆ្នាំ២០១២ ក៏ព្រោះតែពេលនោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិវិនិយោគ បានរាយការណ៍ជូនរាជរដ្ឋាភិបាល អំពីលទ្ធភាពអាចបូមប្រេងបាន ប៉ុន្តែមិនអាចដំណើរតាមផែនការ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំមិនទាន់ប្រកាស់នូវកាលបរិច្ឆេទពិតប្រាកដ នៃដំណក់ប្រេងលើកដំបូងទេ ព្រោះខ្ញុំមិនចង់ឲ្យមានកំហុសដូចកាលពីឆ្នាំ២០១២ ដែលពេលនោះខាងក្រុមហ៊ុន បានប្រាប់មកយើងថា ដំណក់ប្រេងដំបូងនឹងចេញនៅពេលណា។ ឥឡូវដំណក់ប្រេងរបស់យើងនឹងចេញក្នុងឆ្នាំ២០២០ តែថ្ងៃខែជាក់លាក់ខ្ញុំនឹងប្រកាសនៅពេលក្រោយ បន្ទាប់ពីការធ្វើការងារជាមួយក្រុមហ៊ុន ដែលកំពុងតែកសាងយ៉ាងមមាញឹក សម្រាប់ការបូបប្រេងដំបូងរបស់យើង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែធ្វើការចរចាជាមួយភាគីថៃ លើតំបន់ត្រួតស៊ីគ្នា ដើម្បីធ្វើការអភិវឌ្ឍន៍ក្នុងតំបន់នោះ។ សម្តេចថ្លែងទៀតថា ប្រេងកាត់នៅកម្ពុជាមិនមែនមានតែក្នុងសមុទ្រនោះទេ នៅលើដីគោករបស់កម្ពុជាក៏មានប្រេងកាតដែរ សូម្បីតែខេត្តស្វាយរៀង។
សម្តេចតេជោ បានបញ្ជាក់ថា នៅពេលទទួលបានចំណូលពីធនធានធម្មជាតិ ដូចជាប្រេងកាតជាដើមនោះ គោលដៅធំរបស់រាជរដ្ឋាភិបាល គឺយកទៅចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងរឹង ផ្លូវថ្នល់ ប្រឡាយទឹក អគ្គិសនី និងទាំងទន់ ធនធានមនុស្ស ក្នុងវិស័យអប់រំ និងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធ្យូងថ្មត្រូវបានរកឃើញ នៅខេត្តឧត្តរមានជ័យ ហើយនឹងត្រូវប្រើប្រាស់ ដើម្បីផលិតថាមពលអគ្គិសនី នៅទីនោះតែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចទើបទទួលបានរបាយការណ៍ របស់ក្រុមហ៊ុនអូស្ត្រាលីមួយ រកឃើញរ៉ែមាស ដែលអាចនឹងមានប្រាក់ចំណូលគួរសម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនទាន់ប្រើប្រាស់ធនធានធម្មជាតិរបស់យើងទេ ជាប្រេង ជាធ្យូងថ្ម។ ឥឡូវធ្បូងថ្មយើងរកឃើញសម្រាប់ធ្វើអគ្គិសនី នៅកន្លែងហ្នឹងតែម្តង យើងប្រើប្រាស់ធ្យូងថ្មនៅខេត្តឧត្តរមានជ័យ ធ្វើការផលិតអគ្គិសនី នៅកន្លែងហ្នឹងតែម្តង។ របាយការណ៍ប៉ុន្មានថ្ងៃមុន ដែលបានខ្ញុំសម្រេច រ៉ែមាសរបស់យើងនឹងធ្វើអាជីវកម្ម ក្នុងខ្នាតមួយដែលមានប្រាក់ចំណូលគួរសម ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី ប៉ុន្តែការរំពឹងជាងគេរបស់ខ្ញុំរំពឹងទៅលើប្រេង។
សម្តេចតេជោ ក៏បានស្តីបន្ទោសចំពោះមន្រ្តីមួយចំនួន និយាយប្រាប់សម្តេច អំពីផែនការចាយលុយ ដែលបានមកពីការវិនិយោគវិស័យប្រេង ដោយសម្តេចលើកឡើងថា រឿងចាយលុយប្រេង មិនមែនជាការពិបាកនោះទេ ប៉ុន្តែអ្វីដែលពិបាកនោះ គឺការរកលុយ ហើយនៅពេលនេះ មិនទាន់ឃើញដំណក់ប្រេងដំបូងរបស់កម្ពុជានៅឡើយទេ៕