(ប្រេស៊ីលឡា)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំប្រេស៊ីល បានគ្រងតំណែងជើងឯកពានរង្វាន់ ពិភពលោក FIFA World Cup u17 ឆ្នាំ២០១៩ បន្ទាប់ពីវាយបកឈ្នះគូប្រជែង U17 មិចសិច ក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា។
នេះជាក៏ជាលើកទី៤ ផងដែរសម្រាប់ក្រុមស្ថិតនៅតំបន់អាមេរិកឡាទីន សាំបាប្រេស៊ីល ក្នុងការគ្រងតំណែង ជើងឯកឈុតយុវជន U17 ក្រៅពីឈុតធំធ្លាប់ឈ្នះ World Cup បាន ៥ដងច្រើនជាងគេដល់បច្ចុប្បន្ន ពីការធ្វើបានសម្រេចគ្រាប់ជ័យជម្នះរបស់កីឡាករ Lazaro នៅនាទី៩០ ក្រោយពេលមិត្តរួមក្រុម Kaio Jorge ប៉េណាល់ទីគ្រាប់តាមស្មើ ១-១ នៅនាទី៨៤ នៅពេលក្រុមភ្ញៀវមិចសិច បើកការនាំមុខ ១គ្រាប់មុននៅនាទី៦៦ ក្នុងនាមជាកីឡាករដែលត្រូវបានប្តូរចូលក្នុងវគ្គទី២ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ១៣០០០នាក់នៅ កីឡដ្ឋាន Estadio Bezerrao ស្ថិតនៅទីក្រុង Brasilia ប្រទេសប្រេស៊ីលតែម្តង។
ក្រុម U17 បារាំងទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ក្រោយបំបាក់ U17 ហូឡង់ ៣-១ នៅនារាត្រីថ្ងៃអាទិត្យ ផងដែរ។
នេះក៏ជាការវាយបកយកជ័យជម្នះជាលើកទី២ ក្នុងយុទ្ធនាការនេះ បន្ទាប់ពីត្រូវក្រុមមាន់គកបារាំង U17 បើកការនាំមុខ ២-០ ក្នុងវគ្គទី១ កាលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងរកបាន ៣គ្រាប់វិញសម្រាប់ ៤៥នាទីដែលនៅសល់ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត៕