មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យមើលការធ្វើសមយុទ្ធផ្នែកដែនអាកាសរបស់កងកទ័ពរបស់ខ្លួន ខណៈដែលអាមេរិច និងកូរ៉េខាងត្បូង បានប្រកាសពីការពន្យារពេលការធ្វើសមយុទ្ធរួមគ្នា ដើម្បីបន្ធូរបន្ថយស្ថានការណ៍សម្រាប់កិច្ចចរចាបញ្ហានុយក្លេអ៊ែរ ជាមួយនឹងកូរ៉េខាងជើង។
នៅថ្ងៃច័ន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា គីម ជុងអ៊ុន បានធ្វើការត្រួតពិនិត្យសមយុទ្ធ លើការចុះចតរបស់កងកម្លាំងអាកាស និងកងកម្លាំងប្រឆាំងយន្តហោះ របស់កូរ៉េខាងជើង។
គីម ជុងអ៊ុន និយាយថា “វាពិតជាមានការចាំបាច់ខ្លាំងណាស់ ក្នុងការធ្វើសមយុទ្ធដោយគ្មានការជូនដំណឹងជាមុន ក្រោមលក្ខខណ្ឌសង្រ្គាមពិតប្រាកដ ដើម្បីបង្កើនការត្រៀមខ្លួន រួចរាល់របស់អង្គភាពយោធាកូរ៉េខាងជើង”។
សូមបញ្ជាក់ថា អាមេរិច និងកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននិយាយថា ពួកគេនឹងធ្វើការពន្យារ ពេលការធ្វើសមយុទ្ធយោធាពេលខាងមុខ ដែលវាជាកិច្ចប្រឹងប្រែង ក្នុងការជំរុញសន្តិភាពជាមួយនឹងកូរ៉េខាងជើង៕