ថៃ៖ ថ្មីៗនេះមានហេតុការណ៍ហួសចិត្តមួយបានកើតឡើងនៅឯប្រទេសថៃ ក្រោយបុរសម្នាក់បានចងកសម្លាប់ខ្លួនព្រោះតែអន់ចិត្តនឹងប្រពន្ធកូនរអ៊ូរទាំ សុំអង្វរឲ្យឈប់ផឹកស្រា។ សាកសពបុរសម្នាក់ដែលមានឈ្មោះថា នាយឡាម អាយុ ៥៥ឆ្នាំ ត្រូវបានរកឃើញដោយអ្នកស្រុកដែលសំរាកពីការធ្វើស្រែចំការ រៀបចំហូបបាយជុំគ្នាក្រោមដើមឈើ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ប្រាប់ប៉ូលីស។ យោងតាមការសាកសួររបស់កូនស្រីអ្នកស្លាប់ដែលមានឈ្មោះថា រិទ្ធិផន អាយុ ២៧ ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា ខ្លួនបានលឺឪពុកខ្លួនរអ៊ូជាញឹកញាប់ថាថ្ងៃណាមួយគាត់នឹងចងកសម្លាប់ខ្លួន។
ដើមហេតុព្រោះតែរូបនាង និងអ្នកម្តាយ បានស្តីបន្ទោសនឹងរអ៊ូជាញឹកញាប់ សុំអង្វរឲ្យគាត់ឈប់ហូបស្រា ព្រោះតែព្រួយបារម្ភពីសុខភាព។ លុះដល់ថ្ងៃកើតហេតុឪពុកនាងបានជិះម៉ូតូចេញពីផ្ទះតាំងពីព្រឹកព្រលឹម ស្រាប់តែទទួលដំណឹងពីអ្នកភូមិថាគាត់ចងកស្លាប់ នៅក្រោមដើមឈើដែលមានចំងាយប្រមាណជាង១៥គីឡូម៉ែត្រ ពីផ្ទះដែលខ្លួនកំពុងរស់នៅសព្វថ្ងៃ។ ក្រោយពិនិត្យរួចរាល់ប៉ូលីសបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី៕