ភ្នំពេញ ៖ យុវជនម្នាក់បានខ្ចីម៉ូតូមិត្តភក្តិជិះឌុបគ្នាដើរលេង បើកលឿនដូចហោះ ក៏បុករថយន្តពីចំហៀង បណ្តាលឲ្យបែកក្បាលស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៧៨ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វឿត សាឡង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅម្ដុំទឹកថ្លា ខណ្ឌសែនសុខ ។ ដោយឡែកយុវជនម្នាក់ទៀតរងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ យុវជនដែលរងរបួសធ្ងន់ត្រូវជាមិត្តភក្តិបានខ្ចីម៉ូតូរបស់មិត្តភកិ្ត ម៉ាកឌ្រីមសង់ស៊េរី២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GM-9348 ជិះឌុបយុវជនម្នាក់ទៀតដែលស្លាប់ដោយមិនបានប្រាប់ថា យកជិះទៅណានោះទេ ហើយបានធ្វើដំណើរតាមបណ្តោយផ្លូវ១៧៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតុហេតុ ឆ្លងមកផ្លូវព្រះនរោត្តមក៏ជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាក បើកបរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងចំពីហៀងផ្នែកខាងស្ដាំពេញទំហឹង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់បែកក្បាលស្លាប់នៅនឹងកន្លែង ។ រីឯយុវជនម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តមើលសភាពមិនស្រួលបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នទុកប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕