• ក្រុមហ៊ុនគ្រីសអេនើជី ចុះកិច្ចសន្យាសាងសង់ផ្លាតហ្វមបូមប្រេង សម្រាប់តំបន់ប្រេងអប្សរា

    សិង្ហបុរី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ក្រុមហ៊ុនគ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា “គ្រីសអេនើជី” ឬ “ក្រុមហ៊ុន”) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យមួយ មានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ខ្លួនគឺ ក្រុមហ៊ុនគ្រីសអេនើជី (អប្សរា) ឯ.ក បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន PT Profab (តទៅនេះហៅថា “Profab”) ដើម្បីផ្គត់ផ្គង់ផ្លាតហ្វមក្បាលអណ្តូងផលិតកម្មខ្នាតតូច (តទៅនេះហៅថា “មីនីផ្លាតហ្វម”) សម្រាប់តំបន់ប្រេងអប្សរា ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់របស់កម្ពុជា។

    វិសាលភាពនៃការងារនេះ គ្របដណ្តប់លើលទ្ធកម្មសំខាន់ៗ និងការសាងសង់ជើងទម្រ ផ្នែកខាងលើ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតសម្រាប់មីនីផ្លាតហ្វម ដែលរួមបញ្ចូលទាំងការតម្លើង និងការលើកដាក់លើនាវា ដឹកជញ្ជូន។ ការងារនេះនឹងត្រូវធ្វើទ្បើងនៅទីតាំងរបស់ក្រុមហ៊ុន Profab លើកោះ Batam ប្រទេសឥណ្ឌូនេស៊ី។

    តំបន់ប្រេងអប្សរានៅក្នុងប្លុក A របស់កម្ពុជា លាតសន្ធឹងនៅលើបាសាំងខ្មែរ ដែលជាបាសាំងភូគព្ភសាស្ត្រ មិនទាន់ត្រូវបានផលិត ស្ថិតក្នុងដែនសមុទ្រកម្ពុជា ឈូងសមុទ្រថៃ។ ដោយសារភាពមិនទាន់ច្បាស់លាស់នៃសមត្ថភាពផលិតកម្មរបស់បាសាំងនេះ ការអភិវឌ្ឍន៍តំបន់ប្រេងអប្សរានឹងត្រូវធ្វើទ្បើងជាដំណាក់កាលជាច្រើន ដើម្បីកាត់បន្ថយហានិភ័យ និងផ្តល់ពេលវេលាសម្រាប់ការប្រមូល និងវិភាគលើទិន្នន័យសំខាន់ៗ ដើម្បីអនុវត្ត ក្នុងដំណាក់កាលនានាពេលអនាគត។

    ដំណាក់កាលអភិវឌ្ឍ Mini Phase 1A នេះ រួមមាន មីនីផ្លាតហ្វម និងអណ្តូងប្រេងអភិវឌ្ឍដំបូងចំនួន៥ ដែលនឹងត្រូវបានភ្ជាប់ទៅកាន់នាវាផលិតកម្ម Ingenium II សម្រាប់ដំណើរការប្រព្រឹត្តិកម្មប្រេង ឧស្ម័ន និងទឹក។ នាវាដឹកប្រេងនឹងដឹកប្រេងឆៅពីនាវាផលិតកម្ម។ ប្រេងពីតំបន់អប្សរាត្រូវបានគ្រោងនឹងផលិតក្នុងឆមាសទី១ឆ្នាំ២០២០ ហើយតំបន់នេះត្រូវបានរំពឹងទុកថានឹងឈានដល់អត្រាផលិតកម្មខ្ពស់បំផុត ៧.៥០០ បារ៉ែល ក្នុង១ថ្ងៃ។

    លោក Kelvin Tang នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនគ្រីសអេនើជីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “Mini Phase 1A ជាផ្នែកដ៏សំខាន់មួយនៃគម្រោងដើម Phase 1A ដែលរួមមាន ផ្លាតហ្វមធំមួយ ជាមួយ ក្បាលអណ្តូងប្រេងចំនួន២០ នាវាផលិតកម្ម និងនាវាផ្ទុកនិងផ្ទេរប្រេង។ Mini Phase 1A ជួយសម្រួលដល់ការអភិវឌ្ឍន៍ដោយប្រើផ្លាតហ្វមតូច អណ្តូងអភិវឌ្ឍតិចជាងមុន និងការប្រើប្រាស់នាវាដឹកប្រេងតម្លៃទាបជាងមុន ហើយអនុញ្ញាតឲ្យយើងអង្កេតទៅលើសមត្ថភាពនៃការផលិតរបស់អាងផ្ទុកប្រេង និងវាយតម្លៃអំពីសក្តានុពល រយៈពេលវែងរបស់តំបន់អប្សរាប្រកបដោយប្រសិទិ្ធភាព។ យើងបានបញ្ចប់ការរៀបចំជាច្រើន សម្រាប់ការអភិវឌ្ឍន៍ក្នុងរយៈពេលដ៏ខ្លីបំផុត តាមដែលអាចធ្វើទៅបាន”។

    រូបភាពតំណាងនៃហេដ្ឋារចនាសម្ព័ន្ធរបស់តំបន់អភិវឌ្ឍប្រេងអប្សរា ក្នុងប្លុក A ដែនសមុទ្រកម្ពុជា

    នាវាផលិតកម្ម
    ការកែលំអរ និងការធ្វើឲ្យប្រសើរទ្បើងនៃនាវាផលិតកម្ម Ingenium II បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅផែ Benoi របស់ក្រុមហ៊ុន Keppel Shipyard Ltd ក្នុងប្រទេសសិង្ហបុរី។ ការតម្លើង និងការផ្គុំនូវឧបករណ៍ថ្មី សំខាន់ៗត្រូវបានបញ្ចប់ជាស្ថាពរ រួមមាន ម៉ាស៊ីនភ្លើង បន្ទប់គ្រប់គ្រងកណ្តាល បន្ទប់បញ្ជាអគ្គីសនី បន្ទប់ស្នាក់នៅ ម៉ាស៊ីនស្ទូច ឧបករណ៍បំលែងអគ្គីសនី និងឧបករណ៍ប្រព្រឹតិ្តកម្មទឹកដែលផលិតបាន។ ការងារមេកានិច នៃគ្រប់ប្រព័ន្ធទាំងអស់គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៩ មុនពេលដាក់នាវាផលិតកម្មឲ្យដំណើរការ នាខែមករា ឆ្នាំ២០២០។

    មីនីផ្លាតហ្វម និងឧបករណ៍លើផ្លាតហ្វម
    ការងារលម្អិតនៃការរចនាប្លង់ និងដំណើរការវិស្វកម្មសម្រាប់មីនីផ្លាតហ្វម កំពុងត្រូវបានធ្វើដោយក្រុមហ៊ុន Offshore Construction Specialists Pte Ltd ។
    ម៉ាស៊ីនស្ទូចដែលមានវិញ្ញាបនបត្រឲ្យប្រើប្រាស់ក្នុងដែនសមុទ្រ ត្រូវបានទិញពីសហរដ្ឋអាមេរិក និងត្រូវបានធ្វើតេស្តចេញពីរោងចក្ររួចរាល់ហើយ។ ម៉ាស៊ីនស្ទូចនេះគ្រោងនឹងបញ្ជូនទៅកាន់កោះ Batam នាខែធ្នូ ឆ្នាំ២០១៩។ កិច្ចសន្យាត្រូវបានធ្វើរួចរាល់សម្រាប់ការតម្លើងឧបករណ៍ផ្នែកខាងលើនៃមីនីផ្លាតហ្វម ដូចជា ឧបករណ៍កំណត់ល្បឿន ឃ្លាំងផ្ទុកឧបករណ៍ និងទូបញ្ជាក្បាលអណ្តូងផលិតកម្ម ហើយការតម្លើងឧបករណ៍ទាំងនេះ កំពុងតែត្រូវបានដំណើរការ។

    ការធ្វើអង្កេតរូបភូគព្ភសាស្ត្រ
    កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាអង្កេតរូបភូគព្ភសាស្ត្រ PTSC Researcher ដែលប្រតិបតិ្តដោយ ក្រុមហ៊ុន PTSC Geos និង Subsea Services Co., Ltd បានចាប់ផ្តើមធ្វើការអង្កេតរូបភូគព្ភសាស្ត្រ នៅតំបន់ដែលត្រូវបានកំណត់សម្រាប់តម្លើងមីនីផ្លាតហ្វម ។ ការធ្វើអង្កេតនេះ រួមមាន ការធ្វើអត្តសញ្ញាណកម្ម និងការកំណត់ព្រំដែននៃបណ្តុំឧស្ម័នរាក់ៗ ការវាស់ជម្រៅទឹកដ៏ជាក់លាក់នៅទីតាំងតម្លើងផ្លាតហ្វម និងទីតាំងដាក់នាវាផលិតកម្ម ព្រមទាំងការសិក្សាលើសណ្ឋានដីទូទៅ និងការអង្កេតអំពីស្ថានភាពនៃបាតសមុទ្រ។

    ការធ្វើ 3D ស៊ីស្មីក
    ការធ្វើ 3D ស៊ីស្មីក លើទំហំផ្ទៃដី ១.២០០ គីឡូម៉ែត្រការ៉េ ក្នុងតំបន់ប្លុក A កម្ពុជា ត្រូវបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះទំហំផ្ទៃដី ២០០ គីឡូម៉ែត្រការ៉េ ត្រូវបានធ្វើឡើងនៅតំបន់អភិវឌ្ឍប្រេងអប្សរា។ នៅពេល ដែលទិន្នន័យស៊ីស្មីកត្រូវបានបកស្រាយ វានឹងត្រូវបានប្រើជាជំនួយដល់ការបញ្ចប់ការរចនាគន្លងអណ្តូងប្រេង មុនពេលការខួងអណ្តូងប្រេងអភិវឌ្ឍសម្រាប់ដំណក់ប្រេងដំបូង៕

    ទំនាក់ទំនងព័ត៌មាន៖
    លោកស្រី Tanya Pang
    ប្រធានទំនាក់ទំនងវិនិយោគិន និងទំនាក់ទំនងសាជីវកម្ម
    ទូរស័ព្ទ៖ +៦៥ ៦៨៣៨ ៥៤៣០
    អ៊ីមែល៖ [email protected]

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ