កាលពីម្សិលមិញនេះ តារាចម្រៀងលោក ករុណា ពេជ្រ បានបង្ហោះនៅក្នុងបណ្តាញសង្គមទាក់ទងនឹងករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមានក្រុមចោរមានគ្នាប្រមាណ៥នាក់បានជិះតាមស្ទាក់រថយន្តរបស់លោក ប៉ុន្តែលោកមិនបានឈប់ ហើយប្រឹងបន្តជិះរត់គេច ក៏ត្រូវក្រុមចោរទាំងនោះនាំគ្នាគប់បែកកញ្ចក់ឡានរបស់លោក បណ្តាលឲ្យកញ្ចក់ក្រោយបែកខ្ទេចតែម្តង។
ហើយមុននេះបន្តិច លោក ករុណា ពេជ្រ ក៏បានធ្វើការ Live វីដេអូនៅក្នុងបណ្តាញសង្គម ដើម្បីធ្វើការបកស្រាយ និងរៀបរាប់ពីហេតុការណ៍ដែលលោកបានជួបប្រទះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន។ លោកក៏បានបញ្ជាក់ផងដែរថា ហេតុការណ៍នោះគឺមិនមែនទើបតែកើតឡើងប៉ុន្មានថ្ងៃនេះឡើយ គឺកើតឡើងតាំងពីកំឡុងពាក់កណ្តាល ខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះ ហើយទីតាំងកើតហេតុគឺស្ថិតនៅផ្លូវតូចៗ ម្តុំផ្សារដីហុយ នៅវេលាម៉ោងប្រមាណ០៣ទៀបភ្លឺ។ ចង់ដឹងថា តើហេតុការណ៍នោះយ៉ាងណា ទស្សនាការរៀបរាប់របស់លោកទាំងអស់គ្នា៖