ទូរសព្ទម៉ូដែល Razr ដ៏ល្បីល្បាញរបស់ Motorola ក្នុងជំនាន់មុន បានវិលត្រឡប់មកវិញក្នុងនាមជាស្មាតហ្វូន Android ដែលអេក្រង់របស់វាអាចបត់បានជាពីរ ហើយវាត្រូវបានប្រកាសចេញជាផ្លូវការមុននេះបន្តិច។
Razr ស៊េរីឆ្នាំ ២០១៩ នៅរក្សាទ្រង់ទ្រាយដើមដដែល ប៉ុន្តែគ្រាប់ចុច T9 និងអេក្រង់ LCD តូចរបស់វា ត្រូវជំនួសដោយអេក្រង់ OLED ទំហំ ៦,២ អ៊ីញ អាចបត់បាននិងដំណើរការដោយ Android 9 Pie។ វានឹងដាក់លក់លើទីផ្សារនាខែមករា ឆ្នាំក្រោយ ជាមួយតម្លៃ ១ ៤៩៩ ដុល្លារ។
ចំណុចលេចធ្លោបំផុតរបស់ស្មាតហ្វូននេះគឺអេក្រង់ផ្ទាល់តែម្ដង ដែលវាអាចបត់ជាពីរបាន។ អេក្រង់នេះគឺមានក្បាលឆកសម្រាប់ដាក់នូវរន្ធបញ្ចេញសំឡេង និងកាមេរ៉ា។ ពេលបត់ចូលគ្នា នៅផ្នែកខាងក្រៅគឺមានអេក្រង់ទីពីរទំហំ ២,៧ អ៊ីញ ប្រភេទ OLED ដែល Motorola ហៅវាថាអេក្រង់ Quick View។ វាអាចបង្ហាញនូវដំណឹង, បញ្ជាការចាក់ចម្រៀង និងអាចប្រើសម្រាប់ការថត Selfie បានទៀត។
លក្ខណៈសម្បត្តិរបស់វាមានដូចជាប្រើបន្ទះឈីប Snapdragon 710, RAM ទំហំ ៦GB, អង្គផ្ទុក ១២៨GB, កាមេរ៉ាមេទំហំ ១៦ MP ដែលមាននូវមុខងារ Night Vision, កាមេរ៉ាខាងក្នុងទំហំ ៥MP, ប្រើរន្ធ USB-C, មាន eSIM និងមានទ្រនាប់ស្កេនម្រាមដៃផងដែរ៕