យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីលើកកម្ពស់ជីវិតនៃការរស់នៅបែបធម្មជាតិរបស់សត្វដំរី សមាគមគ្រប់គ្រងសត្វដំរីសហការជាមួយអាជ្ញាធរអប្សរានឹងធ្វើការដឹកជញ្ជូនសត្វដំរីជាបណ្តើរៗចេញពីរមណីយដ្ឋាននអង្គរ សំដៅទៅរកការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ញៀវទេសចរកម្សាន្តក្នុងរមណីយដ្ឋានអង្គរនៅដើមឆ្នាំ២០២០តទៅ។
ដូចនេះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមគ្រប់គ្រងសត្វដំរីនឹងធ្វើការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរទៅកាន់ព្រៃសហគមន៍បុស្សធំ ស្ថិតនៅក្នុងឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់នៅតាមលក្ខណៈធម្មជាតិ និងក្រោមការមើលថែទាំរបស់សមាគមគ្រប់គ្រងសត្វដំរី។ ដោយឡែក សត្វដំរី ដែលនៅសល់នឹងបន្តដឹកជញ្ជូនចេញពីរមណីយដ្ឋានអង្គរជាបន្តបន្ទាប់នាពេលក្រោយ៕