ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរជាតិ ដែលបានចូលទៅទស្សនាតំបន់រមណីយដ្ឋានក្បាលឆាយ នាខេត្តព្រះសីហនុ ក្នុងអំឡុងពេលឈប់សម្រាកពិធីបុណ្យអុំទូកឆ្នាំនេះ បានរិះគន់អ្នកគ្រប់គ្រងរមណីយដ្ឋានធម្មជាតិមួយនេះ ជាពិសេសថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុថា មិនបានរៀបចំតំបន់ទេសចរណ៍ខាងលើនេះ ឲ្យមានរបៀបរៀបរយល្អ សម្រាប់ទទួលភ្ញៀវនៅឡើយទេ។
តំបន់រមណីយដ្ឋានទេសចរណ៍ក្បាលឆាយខេត្តព្រះសីហនុ គឺជាតំបន់ទេសចរណ៍មួយ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត ក្រៅពីតំបន់ឆ្នេរ ដីកោះនានា និងតំបន់ទេសចរណ៍ព្រៃភ្នំធម្មជាតិ ព្រមទាំងតំបន់ទឹកជ្រោះធម្មជាតិមួយចំនួនទៀត។
យ៉ាងនេះក្តី ភ្ញៀវទេសចរ ដែលបានធ្វើដំណើរនៅតាមផ្លូវ ឆ្ពោះទៅកាន់រមណីយដ្ឋានក្បាលឆាយ ហាក់មានអារម្មណ៍មិនសប្បាយចិត្ត ដោយសារតែមានផ្នែកពាក់ព័ន្ធមួយចំនួន តម្រូវឲ្យពួកគាត់បង់លុយជាច្រើនកន្លែង ពេលចូលមកកម្សាន្តតំបន់នេះ។ ក្នុងនោះសម្រាប់ការដាក់ប៉ុស្តិ៍យកលុយតាមផ្លូវ ចូលមកតំបន់ក្បាលឆាយត្រូវបង់លុយ ៥០០០រៀល សម្រាប់រថយន្ត១គ្រឿង និងម៉ូតូត្រូវបង់លុយ ២០០០រៀល (ក្នុងវិក្កយបត្រដាក់១០០០រៀល) ។ ប៉ុន្តែបើពិនិត្យទៅលើស្ថានភាពផ្លូវជាក់ស្តែងវិញ គឺពិបាកក្នុងការធ្វើដំណើរជាទីបំផុត ចូលទៅកាន់តំបន់ទេសចរណ៍ក្បាលឆាយនេះ។
ភ្ញៀវទេសចរបន្តថា បើផ្នែកពាក់ព័ន្ធតម្រូវឲ្យភ្ញៀវបង់លុយតាមការកំណត់ គួរតែអភិវឌ្ឍន៍ ឬស្ថាបនាផ្លូវ ចូលទៅតំបន់ក្បាលឆាយឲ្យបានប្រសើរជាងរាល់ថ្ងៃនេះ។
បន្ថែមលើនេះ នៅពេលភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរចូលមកដល់ក្នុងបរិវេណតំបន់កម្សាន្តក្បាលឆាយ ក៏មិនឃើញមានអ្នករៀបចំសណ្តាប់ធ្នាប់ ឲ្យភ្ញៀវចតឡាន និងម៉ូតូ ឲ្យមានរបៀបរៀបរយនោះដែរ។
ជាងនេះទៀត ចំពោះភ្ញៀវម្នាក់ៗ ដែលធ្វើដំណើរតាមស្ពានថ្ម ឆ្លងកាត់ជ្រោះ ក៏មានអ្នកឈរប្រចាំការចាំយកលុយពីភ្ញៀវទេសចរក្នុងម្នាក់ចំនួន ១ពាន់រៀលថែមទៀត ដោយមិនដឹងថា អ្នកឈរយកលុយពីភ្ញៀវទេសចរទាំងនោះ មានសមាសភាពមកពីស្ថាប័នណាមួយទេ ព្រោះការតម្រូវឲ្យភ្ញៀវបង់លុយនៅចំណុចស្ពានថ្មតូចនេះ មិនមានផ្តល់វិក្កយបត្រជូនភ្ញៀវទេ។
ត្រង់ចំណុចនេះ ភ្ញៀវទេសចរ ក៏បានចោទជាសំណួរសួរថា តើថវិកាទាំងនោះ យកទៅណា ហើយស្ថាប័នណាខ្លះ ជាអ្នកទទួលគ្រប់គ្រង ហើយថា លុយទាំងអស់នោះ នឹងយកទៅចំណាយលើអ្វីខ្លះ ព្រោះតាមការសង្កេតជាក់ស្តែងបរិស្ថាននៅតំបន់រមណីយដ្ឋានក្បាលឆាយ នាខេត្តព្រះសីហនុ គឺការរៀបចំអនាម័យ និងបរិស្ថានមិនទាន់បានល្អទេ។
ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋស្នើដល់ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជាពិសេស លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឲ្យជួយពិនិត្យ និងមានវិធានការជាបន្ទាន់ ប្រយោជន៍កុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលចូលមកទស្សានា ខេត្តព្រះសីហនុ ជាពិសេសតំបន់រមណីយដ្ឋានធម្មជាតិក្បាលឆាយនាថ្ងៃអនាគត៕