ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ ឱ្យដោះលែងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងយុទ្ធនាការវិលត្រឡប់មកវិញ របស់អតីតមេបក្សប្រឆាំង ទណ្ឌិត សម រង្ស៊ី និងបានអំពាវនាវសកម្មជន ឬអ្នកគាំទ្របក្សប្រឆាំងដែលចាកចេញទៅក្រៅប្រទេស ឱ្យវិលត្រឡប់ចូលប្រទេសកម្ពុជា។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាផ្ទាល់មាត់បែបនេះ អំឡុងពេលថ្លែងនៅក្នុងកម្មវិធីដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍មួយនៅឯខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយមន្ត្រីតុលាការ ដកយកដីការដែលបានចេញចាប់ជនមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកជនទាំងនេះ ចាញ់បោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលយល់ណាស់លើបញ្ហានេះ តែមិនអនុគ្រោះឱ្យនៅមុនថ្ងៃ៩ វិច្ឆិកា នោះឡើយ។ សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាប់ខ្លួន តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គួរពិនិត្យលទ្ធភាពជាមួយព្រះរាជអាជ្ញា ដើម្បីដោះលែងអ្នកត្រូវបានចាប់ខ្លួន ដោយសារចាញ់បោកគេ បាននៅក្រៅឃុំជាបណ្ដោះអាសន្ន។ ខ្ញុំក៏សូមអំពាវនាវបងប្អូនចាញ់បោកគេរត់ចូលទៅក្នុងប្រទេសថៃ សូមត្រឡប់មកកាន់ផ្ទះសម្បែងក្នុងប្រទេសកម្ពុជាវិញ។ រដ្ឋាភិបាលមិនដាក់ទុក្ខទោសអ្នកចាញ់បោកគេទេ។ ហ៊ុន សែន មិនឱ្យចាប់ទេ”។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច្ចចាប់ខ្លួន ត្រូវរាយការទៅនាយករដ្ឋមន្ត្រីតាមរយៈទំព័រ Facebook។ ច្បាស់ណាស់ តម្លៃសន្តិភាព និងសន្តិសុខ មានតម្លៃខ្លាំងបំផុត សម្រាប់ប្រទេសជាតិយើង ទោះបីដោយតម្លៃណាក៏ដោយ គឺយើងត្រូវថែរក្សា និងទប់ស្កាត់ឲ្យខានតែបាន៕