តាមរបាយការណ៍ពី Reuters បានចុះផ្សាយ ក្រុមហ៊ុន Huawei ប្រកាសជាសាធារណៈកាលពីពេលថ្មីៗនេះថាខ្លួនបានចំណាយប្រាក់បន្ថែមដល់ទៅ ២៨៦ លានដុល្លារ ជាកញ្ចប់ប្រាក់រង្វាន់ដល់ក្រុមផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ ក៏ដូចជាបណ្តាបុគ្គលិកដែលស្វះស្វែងជួយក្រុមហ៊ុនឲ្យឆ្លងផុតបញ្ហា ក្រោយពេលលែងមានការផ្គត់ផ្គង់ពីបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក។
នៅក្នុងកញ្ចប់ប្រាក់រង្វាន់នេះសោត ក្រុមហ៊ុន Huawei ក៏ទើបតែបន្ថែមប្រាក់ខែ ១ ទ្វេជា ២ ដល់បុគ្គលិកប្រមាណ ១៩០ ០០០ នាក់ផងដែរ។
រំឭកថារឿងរ៉ាវនៅពីក្រោយភាពរកាំរកូសរវាងក្រុមហ៊ុន Huawei និងរដ្ឋាភិបាលអាមេរិក បានផ្ទុះឡើងកាលពីអំឡុងថ្ងៃទី ១៦ ឧសភា គ្រាដែលនាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានដាក់ឈ្មោះ Huawei ជាប់ក្នុងបញ្ជីខ្មៅ លែងអនុញ្ញាតឲ្យទទួលការផ្គត់ផ្គង់ចេញពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅទឹកដីអាមេរិក ក្រោមមូលហេតុបារម្ភដល់បញ្ហាសន្តិសុខជាតិ។
កន្លងទៅស្ថាបនិកនិងនាយកប្រតិបត្តិវ័យ ៧៥ ឆ្នាំរបស់ Huawei គឺលោក Ren Zhengfei ក៏អះអាងថាក្រុមហ៊ុននឹងនៅតែបន្តរីកចម្រើនត្បិតគ្មានការជ្រោមជ្រែងពីអាមេរិក ហើយលោកក៏មិនសង្ឃឹមថារដ្ឋាភិបាលព្រមដកឈ្មោះ Huawei ចេញពីបញ្ជីហាមឃាត់នោះដែរ៕