សកលវិទ្យាល័យ Shengyang University ដែលស្ថិតនៅភាគពាយព្យក្នុងប្រទេសចិន បានបើកវគ្គសិក្សា សម្រាប់បង្រៀនសិស្សដែលចង់មានចំណេះជំនាញផ្នែកលេងហ្គេមនិងចាប់អារម្មណ៍ក្នុងការបង្កើនឱកាសចូលរួមព្រឹត្តិការណ៍ esports។
សកលវិទ្យាល័យដែលស្ថិតក្នុងខេត្ត Liaoning ប្រទេសចិន នឹងបង្រៀនសិស្សអំពីរបៀបរបបនៃការលេង ការផ្សព្វផ្សាយ និងការផ្តល់ជូននូវវិធីសាស្ត្រអត្ថាធិប្បាយទៅក្នុងវីដេអូហ្គេមប្រកបដោយវិជ្ជាជីវៈថែមទៀតផង។ នេះបើតាមសារព័ត៌មាន Daily Mail បានចុះផ្សាយ។
វគ្គសិក្សានេះផ្តល់ជូនសិស្សប្រមាណ ១៦០ នាក់នៅក្នុងមហាវិទ្យាល័យផ្នែកសារព័ត៌មាននិងទំនាក់ទំនងចាប់តាំងពីខែមិនា។
អនុប្រធានអធិការបតីនៃសកលវិទ្យាល័យលោក Li Gang បានប្រាប់ BJ News ជុំវិញមូលហេតុនៃការបើកវគ្គសិក្សាប្លែកនេះ ក៏ដោយសារឃើញក្រុម Invictus Gaming របស់ចិន បានឈ្នះពានរង្វាន់ជើងឯកក្នុងហ្គេម League of Legends កាលពីឆ្នាំទៅ។
លោកបានសង្កត់ធ្ងន់៖ “គោលការណ៍នៃការបង្កើតវគ្គនេះឡើង មិនសម្រាប់តែអ្នកលេងហ្គេមមួយមុខទេ តែទៀតសោតក៏ផ្តល់ជូនការចេះវិភាគហ្គេម តេស្តហ្គេម បង្កើតក្លឹប និងរៀបចំព្រឹត្តិការណ៍ប្រកួត”។
ថ្លែងសាកសួរពីនិស្សិតស្រីមួយរូបឈ្មោះ Tang Ting ដែលកំពុងសិក្សាក្នុងវគ្គនោះ និយាយថា៖ “ឪពុកម្តាយពុំបានគាំទ្រការសម្រេចចិត្តខ្ញុំទេ តែខ្ញុំជឿខ្លួនឯងលើការកំណត់តុល្យភាពរវាងការសិក្សានិងការលេងវីដេអូហ្គេម”៕