• ជួយគំាទ្រផង ខេត្តមណ្ឌលគិរីដាំ ដំឡូងបារាំង បានជោគជ័យហើយ !

    មណ្ឌលគិរី៖ ដំណាំដំឡូងបារាំង ជាដំណាំមួយប្រភេទដែលមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សហការជាមួយមហាវិទ្យាល័យកសិកម្មចំការដួង បានធ្វើការពិសោធន៍ដាំដុះរយៈពេល៣ឆ្នាំនៅក្រុងសែនមនោរម្យ។ ជាក់ស្តែង និស្សិត នៃមហាវិទ្យាល័យកសិកម្មចំការដួងចំនួន៤៥នាក់ ដឹកនាំដោយឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃវិទ្យាល័យភូមិន្ទកសិកម្ម និងលោកសាស្រ្តាចារ្យ ជាង ហុង ព្រឹទ្ធបុរស នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម របស់សាកលវិទ្យាល័យចំការដួង និងមានការចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះប្រមូលផលដំណាំដំឡូងបារាំង ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

    តាមការបញ្ជាក់របស់លោក សាស្រ្តាចារ្យ ជាង ហុង ព្រឹទ្ធបុរស នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម បានឱ្យដឹងថា គោលបំណង ដែលដឹកនាំនិស្សិត នៃមហាវិទ្យាល័យកសិកម្មចំការដួង ចុះមកជួយប្រមូលផលដំឡូងបារាំង គឺដើម្បីបង្ហាញដល់និស្សិតឃើញថា ដំឡូងបារាំងអាចដាំដុះបាននៅប្រទេសកម្ពុជា រីឯទិន្នផលខ្ពស់បង្គួរ និងបង្ហាញនូវតម្លៃ និងទុនដាក់ចូលក្នុងការដាំដុះដំណាំដំឡូងបារាំង ដើម្បីឱ្យដឹងថា ការដាំដំឡូងបារាំង បានទិន្នផលយ៉ាងណា បើប្រៀបនឹងដំណាំដទៃ។ លោកសាស្រ្តាចារ្យ បន្ថែមថា ក្នុងឆ្នាំនេះ បានប្រមូលផលដំឡូងបារាំងមានចំនួន០៦ពូជ ដែលបានរើសពីឆ្នាំកន្លងមក ហើយឆ្នាំនេះ ជាការពិសោធន៍លើកទី៣ ដែលបានទទួលទិន្នផលគួរសម រីឯទិន្នផលនេះ ខ្ពស់ក៏ពិតមែន តែមិនអាចប្រៀបនឹងបណ្តាប្រទេសមួយចំនួន ជាពិសេស ប្រទេសអ៊ឺរ៉ុប ហើយសម្រាប់កម្ពុជា ការដាំដំឡូងបារាំង ក្នុង១ហិកតា បានទិន្នផល១៧-២០តោន នឹងលក់បានក្នុង១គីឡូក្រាម ចំនួន៤,០០០រៀល ចុះបើក្នុង១ហិកតា បានទិន្នផល១៧តោនយ៉ាងតិច ក៏បានជាង១ម៉ឺនដុល្លាដែរ។ លោក សាស្រ្តាចារ្យ សន្និដ្ឋានថា ការដាំដំឡូងបារាំង នៅខេត្តមណ្ឌលគិរី ពិតជាអាចដាំបាន នេះជាការពិសោធន៍ឆ្នាំទី៣ ថែមទាំងមានបច្ចេកទេសគ្រប់គ្រាន់ មានពូជ ដែលសមស្របនឹងអាកាសធាតុនៅតំបន់នេះ។

    ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលមន្ទីរកសិកម្ម សហការជាមួយមហាវិទ្យាល័យកសិកម្មចំការដួង ធ្វើការសិក្សាអំពីដំណាំដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរី។ លោក បន្តថា លើកទី៣នេះ លទ្ធផលការដាំដុះដំឡូងបារាំងមានភាពល្អប្រសើរ ហើយអាចកំណត់បានពូជដែលត្រូវដាំ និងសមស្របតាមអាកាសធាតុ។ លោក សុង ឃាង សង្ឃឹមថា ឆ្នាំក្រោយ ការដាំដំឡូងបារាំងនេះ និងសាយភាយដល់កសិករ ដែលមានចំណាប់អារម្មណ៍ និងតម្លៃក៏ល្អដែរ ជាពិសេស នឹងធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេស ពូជ ជូនដល់កសិករផងដែរ។ ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃវិទ្យាល័យភូមិន្ទកសិកម្ម បានបន្ថែមថា ភារកិច្ចរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានធ្វើការបណ្តុះបណ្តាលដល់និស្សិត ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកកសិកម្ម ក្រៅពីបណ្តុះបណ្តាល មានការផ្សព្វផ្សាយនូវរបបគំហើញផ្សេងៗ ហើយបន្ទាប់ពីធ្វើការស្រាវជ្រាវ និងពិសោធន៍ ដំឡូងបារាំង ដែលយកមកដាំនៅខេត្តមណ្ដលគិរី ជាលទ្ធផល នៃការពិសោធន៍ ស្រាវជ្រាវរបស់យើងនឹងមានកញ្ចប់បច្ចេកទេសដំឡូងបារាំង អាចឈានដល់ដំណាក់កាលចុងក្រោយ និងអាចដាំបានហើយនៅខេត្តមណ្ឌលគិរី។ ដូច្នេះ ឯកឧត្តម បានណែនាំដល់មន្ទីរកសិកម្ម និងមហាវិទ្យាល័យកសិកម្មចំការដួង ត្រូវសហការគ្នា ជួយដល់កសិករដែលមានចំណាប់អារម្មណ៍ដាំដំឡូងបារាំងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ