ភ្នំពេញ៖ កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដានដានអ៊ិចប្រេសបើស បានត្រួតពិនិត្យកញ្ចប់ បញ្ញើមួយមានភាពមិនប្រក្រតី ដែលផ្ញើពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រកឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៦កញ្ចប់ធំ ស្មើនឹងទម្ងន់ ៥៨៩៥.៨២ក្រាម ដែលបានដាក់បង្កប់ក្នុងធុងបាសធំចំនួនមួយគ្រឿង និងចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៣វិច្ឆិកានេះ បានឲ្យដឹងថា កាលពីថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន សហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដានដានអ៊ិចប្រេសបើស ដឹកនាំសម្របសម្រួលពី លោក ស៊ិត វណ្ណៈ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានត្រួតពិនិត្យកញ្ចប់ បញ្ញើមួយមានភាពមិនប្រកតី ដែលផ្ញើពីរាជធានីភ្នំពេញទៅទីក្រុងហូជីមិញ ប្រទេសវៀតណាម តាមរយៈ ក្រុមហ៊ុនដានដាន ស្ថិតនៅផ្ទះលេខ២៨៥ ផ្លូវព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា លទ្ធផល ៖ រក ឃើញសារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៦កញ្ចប់ធំ ស្មើនឹងទម្ងន់ ៥៨៩៥.៨២ក្រាម ដែលបានដាក់បង្កប់ក្នុងធុងបាស់ធំចំនួនមួយគ្រឿង។
បន្ទប់មកសមត្ថកិជំនាញយើង បានបន្តការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដោយកំណត់បាន មុខសញ្ញាពាក់ព័ន្ធមួយចំនួន រួចឈានទៅចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលមានឈ្មោះដូចខាង ក្រោម ៖
1. ឈ្មោះ ប៉ុក ស្រីល័ក្ខ ភេទស្រី ជនជាតិខ្មែរ កើត 20.02.1991 មុខរបរលក់ដូរ កាន់ លិខិតឆ្លងដែនលេខ N01710555(អ្នកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)។
2. ឈ្មោះ យុន ស្រីនូ ភេទស្រី ជនជាតិខ្មែរ កើត 14.09.1999 មុខរបរលក់ដូរ កាន់លិខិត ឆ្លងដែនលេខ N01710517 (អ្នកដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន)។
3. ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទប្រុស ជនជាតិ នីហ្សេរីយ៉ា កើត 10.10.1993 មុខរបរកីឡាករទាត់បាល់ កាន់លិខិតឆ្លងដែនលេខ A09524100 (មេក្លោងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន) ។
នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃ.ខែ.ឆ្នាំ ដដែរ សមត្ថកិច្ចយើងបន្តឆេកឆែរផ្ទះជួលរបស់ ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ផ្ទះលេខ A13 ផ្លូវ45BT ក្រុម២ ភូមិសន្សំ កុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
វត្ថុចាប់យករួមមាន ៖ កញ្ឆាក្រៀម ៩ក្រាម, ជញ្ជីងថ្លឹង ០១គ្រឿង, ម៉ាស៊ីនបាញ់ទឹក ៨គ្រឿង, ម៉ាស៊ីនបូមធូលី ១គ្រឿង, ធុងបាស់ ១គ្រឿង, ទូរស័ព្ទ ៣គ្រឿង និងលិខិតឆ្លងដែន ៣ក្បាល ។
សរុបវត្ថុតាងគ្រឿងញៀនចាប់យក៖ មេតំហ្វេតាមីន(ICE) ៥៨៩៥.៨២ក្រាម និង កញ្ឆា ៩ក្រាម ៕