• បង្ក្រាបករណីប្លន់ប្រដាប់អាវុធរវាងចិន និងចិន នៅខេត្តព្រះសីហនុ

    ព្រះសីហនុ)៖ ករណីប្លន់ប្រដាប់អាវុធដែលបង្កឡើងដោយជនសង្ស័យជាជនជាតិចិន និងជនរងគ្រោះជាជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាបបាន ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងរំដោះជនរងគ្រោះបាន២នាក់។

    សេចក្ដីរាយការណ៍ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានពីជនជាតិចិនម្នាក់ តាមរយៈទូរស័ព្ទថា មានករណីប៉ុនប៉ងមនុស្សឃាត របស់ក្រុមប្លន់ប្រដាប់អាវុធ និងចាប់ជំរិតទារប្រាក់ (រវាងជនជាតិចិន និងជនជាតិចិន) នៅចំណុចកាស៊ីណូ និងសណ្ឋាគារណានហៃ ជាន់ទី៣១ បន្ទប់លេខ៣១១៨ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

    បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ៣ ក្រោមការបញ្ជារប​ស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ។ ពេលចុះទៅដល់សមត្ថកិច្ច បានជួយរំដោះជនរងគ្រោះជនជាតិចិន២នាក់ (ប្រុសម្នាក់ ស្រីម្នាក់) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ខណៈម្នាក់ទៀតបានរត់គេចខ្លួន។

    របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ២នាក់ រួមមានទី១៖ ឈ្មោះ Liu JunWei អាយុ៤៥ឆ្នាំ មុខរបររកស៊ី មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ E51434407 រងរបួសស្នាមត្រង់ច្រមុះ, កែងដៃ និងដងខ្លួនជាច្រើនកន្លែង និងទី២៖ឈ្មោះ Chen DAFen ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរទេសចរណ៌ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាន់លិខិតឆ្លងដែនលេខ EF1467859 រងរបួសស្នាម កែងជើង និងដងខ្លួនជាច្រើនកន្លែង។

    ដោយឡែក ជនសង្ស័យ២នាក់ រួមមាន ទី១៖ឈ្មោះ Li HongLiang អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ និងទី២៖ឈ្មោះហៅក្រៅ Xiao Chou អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ (រត់គេចខ្លួន)។

    ក្នុងប្រតិបត្តិការនេះ ក្រៅពីសម្ភារពាក់ព័ន្ធបទល្មើស សមត្ថកិច្ចក៏បានដកហូតវត្ថុតាង កាំភ្លើង១ដើម ម៉ាក BERETTA ពណ៌ខ្មៅ បង់២ មាន២៥គ្រាប់, ហិបដែកមានស្រោបក្រណាត់ពណ៌ត្នោត ធំ១ ក្នុងនោះមានវាល្លី ពណ៌ខ្មៅ១ សម្រាប់ចាប់ជំរិតមនុស្ស, មេសោរតូច ចំនួន២ សម្រាប់ចាក់ហិបដែកចាប់ជំរិតមនុស្ស និងសំបកកាទុះកាំភ្លើង១គ្រឿង ព្រមទាំងសម្ភារមួយចំនួនទៀត។

    បច្ចុប្បន្នកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្ដតាមនីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ