ថៃ៖ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ពិធីបុណ្យប្រពៃណី Loy Kratong ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមទូទាំងប្រទេសថៃ ដោយឆ្នាំនេះគេសង្កេតឃើញថាមានការចូលរួមយ៉ាងច្រើនកុះករទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ស្របពេលជាមួយគ្នាផងដែរ មានករណីជាច្រើនបានកើតឡើងក្នុងកំឡុងពេលប្រារព្ធពិធី និងពេលបញ្ចប់ ដោយធ្វើឲ្យមានការជជែកវែកញែក និងដាស់តឿនឲ្យប្រុងប្រយ័ត្នជាច្រើនពេញបណ្តាញសង្គម។
សមត្ថកិច្ចថៃបានប្រកាសស្នើសុំ និងដាស់តឿនដល់ប្រជាពលរដ្ឋខ្លួនដែលចូលចិត្តបង្ហោះគោម ឲ្យធ្វើការបង្ហោះនៅទីវាលគ្មានផ្ទះ ដូចជាសមុទ្រ ដីទំនេរ ទន្លេ ឬក៏កន្លែងវាល ក្រោយមានករណីគោមខ្យល់ហោះទៅជាប់នឹងបង្គោលភ្លើង បណ្តាលឲ្យមានករណីអគ្គីភ័យឆាបឆេះឡើង នៅឯប៉ាតាយ៉ា ប្រទេសថៃ ក្នុងរាត្រីថ្ងៃទី១១ កន្លងទៅនេះ។ យ៉ាងណាមិញករណីភ្លើងឆេះនេះពុំមានបង្កគ្រោះថ្នាក់ដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ព្រោះត្រូវគ្រប់គ្រងបានទាន់ពេលវេលា។
មួយករណីទៀតនោះគឺនៅព្រឹកថ្ងៃទី១២ បន្ទាប់ពីកម្មវិធីបានបញ្ចប់គេសង្កេតឃើញមានកាកសំណល់គោមជាច្រើនរាយប៉ាយពាសវាលពាសកាល យ៉ាងអត់សណ្តាប់ធ្នាប់ ដែលធ្វើឲ្យមានមតិរិះគន់ និងកាលមិនពេញចិត្តកើតឡើងមក។ យ៉ាងណាមិញអាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាបង្កើនកាលប្រុងប្រយ័ត្ន ដោយលើកយកករណីទាំងនេះជាឧទាហរណ៍ ជៀសវាងការបង្កគ្រោះថ្នាក់អគ្គីភ័យ និងកំហុសផ្សេងៗដែលកើតមានឡើងដោយអចេតនា៕