ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវដល់បងប្អូនកីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី ១០ដល់ ១២ វិច្ឆិកា ២០១៩ ខាងមុខនេះ សូមមានការយល់ដឹង និងប្រយ័ត្នប្រយែងខ្ពស់យល់ដឹងឲ្យច្បាស់អំពីជំងឺឆ្លងកាចសាហាវអេដសស៍ (Aids) គឺសូមកុំនាំជំងឺអេដស៍ពីភ្នំពេញត្រឡប់ទៅឲ្យប្រពន្ធនៅផ្ទះ។
ទន្ទឹមនឹងនេះ សូមគណៈកម្មការដែលគ្រប់គ្រង ក្រុមកីឡាករករអុំទូករបស់ខ្លួន យកចិត្តទុកដាក់ផ្តល់ការអប់រំទូន្មាន រំលឹកបន្ថែមចៀសវាងកុំឲ្យបងប្អូនកីឡាករសប្បាយលង់ខ្លួននាំជំងឺអេដស៍ ដល់ប្រពន្ធកូននិងក្រុមគ្រួសារ។
សូមអាជ្ញាធរ និងគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ទាំងអស់ទទួលខុសត្រូវ ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនកីឡាករអុំទូក ក៏ដូចជាចំណុះទូកទាំងអស់ ក្នុងពេលមកចូលរួមប្រណាំងទូក នៅក្នុងពិធីបុណ្យអុំទូក ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា ២០១៩ នៅរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះដែរ សូមជួយដាស់តឿនរំលឹកដល់បងប្អូនកីឡាករ ដែលមកចូលរួមប្រណាំងទូក ត្រូវពិនិត្យមើលចំណុះទឹកស្រែ និងរៀបចំទុកដាក់ស្រូវស្រែឲ្យបានល្អ មុនពេលចេញមកចូលរួមកម្សាន្តសប្បាយនៅក្នុងពីធីបុណ្យអុំទូក ចៀសវាងពេលវិលត្រឡប់ទៅវិញ ផលស្រូវជួបនឹងបញ្ហាកង្វះទឹកជាដើម៕