រថភ្លើងល្បឿនលឿនរបស់ជប៉ុនចំនួន ១០គ្រឿងដែលត្រូវបានលិចទឹកដោយសារខ្យល់ព្យុះ Hagibis វាយប្រហារនោះ នឹងត្រូវគេបោះចោលលែងប្រើប្រាស់ទៀតហើយ។
យោងតាមសារព័ត៌មានជប៉ុនឲ្យដឹងថា បើទោះបីជារថភ្លើងខ្លះនៅប្រើប្រាស់បានក្ដី ប៉ុន្តែទំហំខូចខាតសរុបស្ថិតចន្លោះពី ១១០-១៣៥លានដុល្លារ។ ខ្សែរថភ្លើង Hokuriku-Shinkansen នេះត្រូវបានគេចតនៅក្នុងស្ថានីយនៃទីក្រុង Nagano។ រថភ្លើងនីមួយៗ មាន១២ទូដែលរត់តភ្ជាប់ខ្សែពីទីក្រុងតូក្យូ និង Kanazawa នៅឆ្នេរភាគខាងលិច។ យោងតាមសេចក្ដីថ្លែងការណ៍របស់ប្រធានក្រុមហ៊ុនលោក Yuji Fukasawa ឲ្យដឹងកាលពីថ្ងៃពុធថា ទឹកជំនន់បានធ្វើឲ្យខូចខាតផ្នែកជាច្រើននៃរថភ្លើងរួមទាំងម៉ាស៊ីន និងប្រព័ន្ធហ្វ្រាំងផងដែរ។ ដូច្នេះដើម្បីឲ្យមានស្ថេរភាព និងសុវត្ថិភាពសមស្រប រថភ្លើងទាំងនោះនឹងត្រូវបោះបង់ចោល ហើយនាំចូលរថភ្លើងថ្មីជំនួសវិញ។
គួរឲ្យដឹងថា ខ្យល់ព្យុះ Hagibis បានវាយប្រហារកាលពីថ្ងៃទី ១២-១៣តុលា ជាមួយល្បឿនខ្យល់ជាង ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយសម្លាប់មនុស្ស ៩០នាក់ខណៈដែលរាប់ពាន់នាក់ទៀតជម្លៀសខ្លួនដោយសារទឹកជំនន់៕