មនុស្សម្នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសវៀតណាម ពាក់ព័ន្ធនឹងការស្លាប់របស់មនុស្សចំនួន ៣៩នាក់ ដែលសាកសពត្រូវគេប្រទះឃើញ នៅក្នុងទូរកុងតឺណឺកាលពីចុងខែមុន នៅក្នុងប្រទេសអង់គ្លេស។
ការចាប់មនុស្សម្នាក់ផ្សេងទៀត នៅក្នុងខេត្ត Nghe An គឺជាការចាប់ខ្លួនទី ១១ហើយ នៅក្នុងប្រទេសវៀតណាម។
បច្ចុប្បន្ន ជនសង្ស័យចំនួន ៩នាក់ត្រូវបានចាប់ខ្លួនដោយជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ ក្នុងចំណោមជនសង្ស័យខាងលើ មាន ៨នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
កាលពីថ្ងៃចន្ទ មន្រ្តីវៀតណាមមួយក្រុមបានធ្វើដំណើរទៅកាន់អង់គ្លេស ដើម្បីជួយធ្វើកិច្ចការជាមួយប៉ូលីសអង់គ្លេស ក្នុងការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ហើយជាលទ្ធផលគេបានធ្វើការប្រកាសថា សាកសពជនរងគ្រោះទាំងអស់ ដែលមានបុរស ៣១ និងស្រ្តី ៨នាក់ គឺជាជនជាតិវៀតណាមទាំងអស់។
សាកសពជនរងគ្រោះទាំងអស់ត្រូវបានគេរកឃើញនៅក្នុងទូរកុងតឺណឺ នៅតំបន់ឧស្សាហ៍កម្ម Grays ប្រទេសអង់គ្លេស កាលពីថ្ងៃទី ២៣ ខែតុលា។
អ្នកបើកបររថយន្តកុងតឺណឺឈ្មោះ Maurice Robinson មកពីអៀរឡង់ខាងជើង ត្រូវបានចាប់ខ្លួន និងបានឡើងតុលាការកាលពីសប្តាហ៍មុន ដោយជាប់ចោទពីបទឧក្រិដ្ឋកម្មជាច្រើន។
ប៉ូលីសកំពុងស្វែងរកចាប់ខ្លួនបងប្អូនប្រុស ២នាក់ទៀតឈ្មោះ Ronan និង Christopher Hughes ដែលពួកគេទាំងពីរនាក់នេះ ត្រូវបានតាមប្រម៉ាញ់ពីបទសង្ស័យមនុស្សឃាត និងការជួញដូរមនុស្ស៕