ភ្នំពេញ៖ នៅក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក ជនណាមួយដែលប្រើប្រាស់នូវសម្លៀកបំពាក់ មានលក្ខណៈប្រហាក់ប្រហែល នឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរ POLICE PM ARMY ជាដើម និងវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗ ដោយគ្មានការអនុញ្ញាតងករណីទង្វើនេះ បង្កជាបទល្មើសជាក់ស្តែង ត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានហាម មិនអនុញ្ញាតឱ្យបងប្អូនធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់នូវសម្លៀកបំពាក់ខាងលើនេះផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ២០១៩សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ឱ្យបានល្អប្រសើរ នៅក្នុងអំឡុងពេលបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នេះរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យបងប្អូនធ្វើការលក់ដូរ ការទិញ និងប្រើប្រាស់នូវសម្លៀកបំពាក់ មានលក្ខណៈប្រហាក់ប្រហែល នឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ដែលមានអក្សរ POLICE PM ARMY ជាដើម និងវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗ ដោយគ្មានការអនុញ្ញាត ធ្វើឱ្យមហាជនមានការភ័ន្តច្រឡំថាជាកម្លាំងសមត្ថកិច្ច ហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗ បង្កចលាចលក្នុងសង្គម។
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច ជួយពិនិត្យតាមដានការលក់ដូរ ការប្រើប្រាស់សម្លៀកបំពាក់ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ និងការប្រើប្រាស់វិទ្យុទាក់ទងដែលមិនប្រក្រតី។ ប្រសិនបើពិនិត្យឃើញថា មានសកម្មភាពនេះកើតឡើង ត្រូវចាត់វិធានការអប់រំណែនាំ ឱ្យបញ្ឈប់ការលក់ដូរ ការទិញ និងការប្រើប្រាស់ជាបន្ទាន់។ ក្នុងករណីទង្វើនេះ បង្កជាបទល្មើសជាក់ស្តែង ត្រូវឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមទុកជាមុនថា សាធារណជន និងបងប្អូនអាជីវករទាំងអស់ ចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕