ភ្នំពេញ (ថ្ងៃទី៥ ខែវិច្ឆិកា)៖ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះកន្លងទៅថា លោកនឹងរង់ចាំទទួលស្វាគមន៍សមាជិកជាន់ខ្ពស់ មកពីវិស័យធនាគារអាស៊ាន ដើម្បីចូលរួមក្នុងសន្និសីទធនាគារអាស៊ាន ដែលនឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញ នាចុងខែវិច្ឆិកានេះ។
សន្និសីទប្រចាំតំបន់ដែលត្រូវធ្វើឡើងប្តូរវេនគ្នាជាមួយសមាជិកអាស៊ានជារៀងរាល់២ឆ្នាំម្តងនេះ នឹងត្រូវប្រារព្ធឡើងក្រោមប្រធានបទ “ការតភ្ជាប់នៃសមាគមអាស៊ានត្រឹមឆ្នាំ២០២៥ ស្តីពី “ពិភពលោកថ្មីនៃនវានុវត្តភាពបច្ចេកវិទ្យា សម្រាប់វិស័យធនាគារអាស៊ានតែមួយ” (ASEAN Connectivity 2025 – a brave new world of digital innovation for one ASEAN banking sector)» នឹងត្រូវប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់ទី២៧ ខែវិច្ឆិកា ហើយត្រូវបានរំពឹងទុកថានឹងប្រតិភូច្រើនជាង ៥០០នាក់ មកពីទូទាំងតំបន់។
លោកបណ្ឌិត ចាន់នី មានប្រសាសន៍ថា៖ «នេះគឺជាកត្តិយសដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទដ៏សំខាន់មួយនេះ ដែលនឹងនាំយកសមាជិកសំខាន់ៗក្នុងវិស័យធនាគារអាស៊ាន ដើម្បីធ្វើការពិភាក្សាគ្នាជាផ្លូវការសម្រាប់រយៈពេល៣ថ្ងៃ»។
លោកបានប្រាប់បន្តថា៖ «ខ្ញុំមានមោទនភាពជាពិសេស ខណៈដែលវិស័យធនាគារ បានបង្កើតឲ្យមានការវិវឌ្ឍដ៏ធំអស្ចារ្យ នៅ កម្ពុជា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជាពិសេសការចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីជាលើកដំបូង ដែលជួយឲ្យរាល់សេវាហិរញ្ញវត្ថុផ្លូវការទាំងអស់ ស្ថិតក្នុងដៃរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់ពេល និងគ្រប់ទីកន្លែង។ ដោយមានការគាំទ្រ និងការសហការពីសណាក់ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា បានផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនបរិយាប័ន្នក្នុង វិស័យហិរញ្ញវត្ថុផ្លូវការផង និងជួយលើកម្ពស់ការប្រើប្រាស់រូបបិយបណ្ណរបស់ប្រទេសយើង គឺ ប្រាក់រៀលខ្មែរ សម្រាប់រាល់ការធ្វើអាជីវកម្មធំ និងតូចទាំងអស់ជាសារព័ន»។
លោក អ៊ិន ចាន់នី បានបន្ថែមទៀតថា៖ «យើងគិតថា សហសេវិករបស់យើង ដែលមកពីទូទាំងសហគមន៍អាស៊ាន នឹងចែករំលែកបទពិសោធន៍ជាច្រើន ដែលត្រូវសិក្សាអំពីវិធីសាស្ត្រដែលធនាគារកម្ពុជា កំពុងតែប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាការរីកចម្រើនផ្សេងៗ ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មបន្ថែមទៀត ដល់អតិថិជនរបស់ខ្លួនដែលកំពុងកើនឡើងឥតឈប់ឈរ និងដើម្បីធ្វើឲ្យប្រសិទ្ធិភាព តម្លាភាព និងអត្ថប្រយោជន៍នៃការប្រតិបត្តិការណ៍របស់ពួកគេ កាន់តែល្អប្រសើរជាងមុន»។
សន្និសីទនេះ សហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមធនាគារិកអាស៊ាន (ABA) ហើយដែលកាន់តែពិសេសជាងនេះទៅទៀត សន្និសីទនេះ នឹងមានការចូលរួមពី ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគាជាតិនៃកម្ពុជា ដែលជាគណៈអធិបតី និងវាគ្មិនសំខាន់ៗដូចជា លោកជំទាវ ជា សេរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធនាគាអេស៊ីលីដា ធនាគារកាណាឌីយ៉ា ក.អ ធនាគារស្ថាបនា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ធនាគារវីងនិងវាគ្មិនជាមកពីស្ថាប័នផ្សេងៗជាច្រើនទៀត ចូលមករួមគ្នាពិភាក្សា និងការបង្កើតទំនាក់ទំនង ក្រោមទស្សនទាន និងបទពិសោធស្តីពីនវានុវត្តភាពបច្ចេកវិទ្យា នៃវិស័យធនាគារ។
នៅក្នុងសន្និសីទនេះ យើងបានអញ្ជើញ អ្នកឯកទេសជំនាញផ្សេងៗគ្នាព្រមទាំងវាគ្មិនកត្តិយសមកពីទូទាំងតំបន់ ដើម្បីធ្វើបទបង្ហាញទៅកាន់ប្រតិភូ លើប្រធានបទដែលមានសារៈសំខាន់ជុំវិញការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងសេវាហិរញ្ញវត្ថុ ដែលអញ្ជើញមកពី សមាគមធនាគារិកអាស៊ាន ធនាការកណ្តាលនៃប្រទេសសិង្ហបុរី សហព័ន្ឋធនាគារហ្វីលីពីន (Union Bank of Philippines) សមាគមធនាគានៃប្រទេសថៃ ធនាគារពិភពលោក (World Bank) សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ (IFC) ព្រមទាំងវាគ្មិនកិត្តិយសជាច្រើននាក់ទៀតផងដែរ។
សន្និសីទនេះផងដែរ ក៏បានរៀបចំនូវការពិពណ៌ស្តីពីធនាការ ដែលហៅថា «Banking Expo» ខណៈដែលក្រុមហ៊ុននានា ដែលធ្វើការក្នុងវិស័យធនាគារ នឹងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេជូនទៅកាន់អ្នកដែលចូលរួមទាំងអស់។
សន្និសីទនេះ យើងអនុញ្ញាតឱ្យមានការចូលរួមទាំងអស់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះរាប់បញ្ចូលទាំង ធនាគារិកក្នុងស្រុក និងអន្តរជាតិ ផងដែរ ហើយការចុះឈ្មោះ អាចធ្វើបានតាមរយៈគេហទំព័រ http://events.abc.org.kh/ ។ សម្រាប់ការសាកសួរព័ត៌មាន ក៏ដូចជាការបញ្ចេញយោបល់អំពីព្រឹត្តិការណ៍នេះ សូមទាក់ទងដោយផ្ទាល់ទៅកាន់លោក ហេង កូយ អ្នកចាត់ការទូទៅក្នុងសមាគមធនាគារកម្ពុជា ([email protected]) តាមរយៈលេខទូរស័ព្ទ (855)12 436 307៕